
ទីប្រឹក្សាសន្តិសុខសេតវិមានលោក Jake Sullivan និយាយថា សហរដ្ឋអាមេរិក ចង់ឲ្យជៀសផុតការផ្ទុះអាវុធក្នុងមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្រ្ទីប ហើយពួកយើងបានផ្តល់ទស្សនៈបែបនេះដល់កងកម្លាំងអ៊ីស្រាអែល ។
លោក Sullivan និយាយថា ពួកយើងមិនចង់ឃើញការផ្ទុះអាវុធនៅក្នុងមន្ទីរពេទ្យនោះទេ ជាទីដែលមនុស្សគ្មានកំហុស មនុស្សគ្មានជំនួយ មនុស្សស្វែងរកការថែទាំសុខភាព ជាប់ខ្លួននៅក្នុងការផ្ទុះអាវុធដាក់គ្នា ។
លោកថា លោកត្រូវតែប្រុងប្រយ័ត្នចំពោះអ្វីដែលលោកនិយាយជាសាធារណៈលើបញ្ហានេះ ដោយសារតែវាគឺជាកិច្ចចរចាដ៏រសើប និងពិបាក ។ មាននូវកិច្ចចរចាកំពុងបន្ត ពាក់ព័ន្ធជាមួយអ៊ីស្រាអែល ប្រទេសជាច្រើន ហើយពួកយើងសហរដ្ឋអាមេរិក បានចូលរួមយ៉ាងសកម្មផងដែរ ដោយសារតែពួកយើងចង់ឲ្យប្រាកដថា ពួកយើងនឹងនាំមកផ្ទះវិញនូវពលរដ្ឋអាមេរិកដែលត្រូវបានចាប់ជាចំណាប់ថ្នូរ ក៏ដូចជាចំណាប់ថ្នូរផ្សេងទៀតផងដែរ ។
លោក Sullivan បន្តថា មាននូវកិច្ចខិតខំដើម្បីព្យាយាមទទួលបានកិច្ចព្រមព្រៀងដែលនឹងពាក់ព័ន្ធជាមួយការដោះលែងចំណាប់ថ្នូរ ហើយលោកប្រធានាធិបតី នឹងមិនសម្រាកនោះទេរហូតដល់ពួកយើងអាចសម្រេចបានកិច្ចព្រមព្រៀងដែលរាល់ចំណាប់ថ្នូរទាំងអស់ អាចវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ។
ខណៈពេលនោះដែរ កងទ័ពអ៊ីស្រាអែល និយាយថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការជម្លៀសទារកចេញពីមន្ទីរពេទ្យធំបំផុតនៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា មនុស្សនៅជាប់ខ្លួនក្នុងមន្ទីរពេទ្យ ក្នុងនោះទារកទើបកើត ២នាក់ បានស្លាប់ ហើយទារកជាច្រើនទៀត ប្រឈមនឹងហានិភ័យ ពីការដាច់ចរន្តអគ្គិសនី និងការផ្ទុះអាវុធដ៏ខ្លាំងក្លានៅក្បែរនោះ ៕