
ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយកាលពីថ្ងៃអាទិត្យថា ការជម្លៀសជនជាតិរុស្ស៊ី ចេញពីតំបន់ហ្គាហ្សាស្រ្ទីប បានចាប់ផ្តើម ហើយអ្នកកាន់លិខិតឆ្លងដែនរុស្ស៊ីជាង ៦០នាក់ បានឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសអេហ្ស៊ីប ។
ការជម្លៀសមានកំណត់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែវិច្ឆិកាសម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេស និងជនប៉ាឡេស្ទីនដែលត្រូវការការព្យាបាលបន្ទាន់ទៅកាន់ប្រទេសអេហ្ស៊ីប បានប្រឈមការលំបាកខ្លាំង ។
វាត្រូវបានផ្អាកជាច្រើនលើកក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ដោយសារតែការទម្លាក់គ្រាប់បែក ដែលបុគ្គលិកជំនួយនិយាយថា មានគោលដៅលើក្បួនរថយន្តដឹកគ្រឿងវេជ្ជសាស្រ្ត ។
ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយថា នៅពេលនេះ ពលរដ្ឋសហព័ន្ធរុស្ស៊ី ដែលចង់ចាកចេញពីតំបន់ជម្លោះ កំពុងឆ្លងកាត់ច្រកព្រំដែន ។
ពួកគេបន្តថា ពលរដ្ឋរុស្ស៊ី នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងគែរ ហើយនឹងត្រូវរៀបចំឯកសារចាំបាច់ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួបពុំបាននិយាយថាតើចំនួនពលរដ្ឋរុសស្ស៊ីប៉ុន្មាននាក់ ត្រូវបានគេរំពឹងថា នឹងចាកចេញពីតំបន់ហ្គាហ្សាស្រ្ទីបនោះទេ ។
យោងតាមសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា ពលរដ្ឋរុស្ស៊ីប្រហែល ១ពាន់នាក់ មកពីអតីតសហភាពសូវៀត បានបង្ហាញពីបំណងរបស់ពួកគេចាកចេញពីតំបន់ហ្គាហ្សា ។
ពលរដ្ឋរុស្ស៊ីមួយរូបដែលបានជម្លៀសចេញពីតំបន់ហ្គាហ្សា និយាយថា នៅទីបញ្ចប់ពួកយើងបានចាកចេញពីតំបន់ហ្គាហ្សា អរគុណក្រសួងសង្រ្គោះបន្ទាន់ ហើយនិងអរគុណលោកប្រធានាធិបតីពួកយើង Vladimir Putin សម្រាប់ការរៀបចំអ្វីៗបានយ៉ាងល្អ ។
លោកបន្តថា អរគុណដល់អ្នករាល់គ្នា ។ លោកចង់និយាយប្រាប់ផងដែរថា កូនៗរបស់លោក បានឈឺ ដោយសារតែគុណភាពទឹកអន់ តែទោះបីជាយ៉ាងណាក៏ដោយ ពួកយើងទទួលបានជំនួយ។ លោកសូមអរគុណដល់អ្នករាល់គ្នាខ្លាំងណាស់ ៕