
កាលពីថ្ងៃអាទិត្យម្សិលមិញ សម្តេចប៉ាប Francis បានអំពាវនាវឲ្យអ្នករងរបួសនៅតំបន់ហ្គាហ្សា ត្រូវតែនាំយកទៅព្យាបាលបន្ទាន់ ហើយការការពារជនស៊ីវិល ត្រូវតែធានាឲ្យបាន ជាមួយនឹងជំនួយមនុស្សធម៌បន្ថែមទៀតសម្រាប់តំបន់ហ្គាហ្សាស្រ្ទីប ក៏ដូចជាដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ដោយក្រុមជីវពលហាម៉ាស់ ។
សម្តេចប៉ាប Francis មានព្រះបន្ទូលថា ជារៀងរាល់ថ្ងៃ ចិត្តគំនិតរបស់ព្រះអង្គផ្តោតលើស្ថានភាពធ្ងន់ធ្ងរនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ ព្រះអង្គនៅជិតអ្នកដែលរងការឈឺចាប់ទាំងអស់នោះ ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល ។ ព្រះអង្គសូមឱបពួកគេក្នុងពេលវេលាដ៏ងងឹតសូន្យឈឹងបែបនេះ ។
ព្រះអង្គបន្តថា ព្រះអង្គសូមប្រទានពរដល់ពួកគេ ។ បើសិនជាអាវុធមិនឈប់ទេនោះ ពួកគេនឹងគ្មានសន្តិភាពនោះឡើយ ហើយជម្លោះមិនត្រូវកាន់តែរីកធំបែបនេះទេ ។ ល្មមគ្រប់គ្រាន់ហើយ បងប្អូនល្មមគ្រប់គ្រាន់ហើយ ។ អាចឲ្យអ្នករងរបួសនៅតំបន់ហ្គាហ្សា ទទួលបានការជួយជាបន្ទាន់បានអត់ ។ ជនស៊ីវិលគួរតែត្រូវបានការពារ ហើយជំនួយមនុស្សធម៌កាន់តែច្រើន គួរតែចែកចាយដល់មនុស្សដែលរងគ្រោះទាំងអស់នោះ ។
ក្រោយពិធីអធិស្ឋានប្រចាំសប្តាហ៍ Angelus Prayer នៅវិមានចតុរង្គ St. Peter សម្តេចប៉ាប Francis បានអំពាវនាវផងដែរដល់ក្រុមមេដឹកនាំស៊ូដង់ និងសហគមន៍អន្តរជាតិ ត្រូវបញ្ចប់អំពើហិង្សានៅស៊ូដង់ ស្របពេលដែលវិបត្តិមនុស្សធម៌នៅក្នុងប្រទេសមួយនេះ កាន់តែធ្ងន់ធ្ងរខ្លាំង ហើយអំពើហិង្សាកុលសម្ព័ន្ធ បានកើនឡើងនៅតំបន់ភាគខាងលិច Darfur ។
សង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ក្រោយភាពតានតឹងអស់រយៈពេលច្រើនសប្តាហ៍ រវាងភាគីទាំង ២ជុំវិញផែនការរួមបញ្ចូលកងកម្លាំង ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរពីរបបយោធា ទៅជាលទ្ធិប្រជាធិបតេយ្យស៊ីវិល ៕