
សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យ បានគាំទ្រការអះអាងរបស់អ៊ីស្រាអែលថា ក្រុមហាម៉ាស កំពុងប្រើប្រាស់មន្ទីរពេទ្យនៅតំបន់ហ្កាហ្សាជាមូលដ្ឋានយោធា ដោយចោទប្រកាន់ក្រុមភេរវកម្មនេះថា«បំពានច្បាប់នៃសង្គ្រាម»។
នៅពេលដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅជុំវិញមន្ទីរពេទ្យជាច្រើនក្នុងតំបន់ហ្កាហ្សា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា ការវាយតម្លៃរបស់យោធាអ៊ីស្រាអែលថា ក្រុមហាម៉ាស កំពុងប្រើប្រាស់ពួកគេវាជាមជ្ឈមណ្ឌល «បញ្ជា និងគ្រប់គ្រង» គឺត្រឹមត្រូវ។
ក្រុមហាម៉ាស និងក្រុមអ្នកគាំទ្រ និយាយថា ការចោទប្រកាន់បែបនេះ គឺជាការឃោសនារបស់អ៊ីស្រាអែល។ ប៉ុន្តែរបាយការណ៍ពាក់ព័ន្ធថ្មីឆ្នាំ២០១៥ របស់អង្គការលើកលែងទោសអន្តរជាតិ ក៏បានចោទប្រកាន់ផងដែរថា មន្ទីរពេទ្យមួយឈ្មោះ Shifa ធ្លាប់ធ្វើជាមជ្ឈមណ្ឌលសួរចម្លើយ និងធ្វើទារុណកម្មរបស់ក្រុមហាម៉ាស។
លោក ចូសិប បូរ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានចូលរួមក្នុងការរិះគន់ក្រុមហាម៉ាសកាលពីល្ងាចថ្ងៃអាទិត្យថា៖«យើងថ្កោលទោសការប្រើប្រាស់មន្ទីរពេទ្យ និងជនស៊ីវិលជាខែលការពារមនុស្សដោយក្រុមហាម៉ាស»។
«ជនស៊ីវិល ត្រូវតែត្រូវបានអនុញ្ញាតឲ្យចាកចេញពីតំបន់ប្រយុទ្ធគ្នា។ អរិភាពកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យនានា [និង] ធ្វើឲ្យមានចំនួនអ្នកស្លាប់ជាជនស៊ីវិល គួរឲ្យភ័យខ្លាច»។