
នគរបាលបានឲ្យដឹងថា អគ្គិភ័យដ៏ធំមួយ បានកើតឡើងមាននៅអគារមួយ ក្នុងទីក្រុង Hyderabad នៅថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) នេះ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ បានបាត់បង់ជីវិត។
អគ្គិភ័យនេះ ផ្តើមចេញពីជាន់ផ្ទាល់ដីនៃអគារផ្ទះល្វែងច្រើនជាន់ ដែលមានធុងផ្ទុកសារធាតុគីមីទុកនៅទីនោះ ហើយបន្ទាប់មកបានឆេះរាលដាលដល់ជាន់ផ្សេងទៀត។
មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានពន្លត់អគ្គិភ័យបានប្រាប់អ្នកសារព័ត៌មានថា មកទល់ពេលនេះ មនុស្សជាង ២០នាក់ត្រូវបានជម្លៀសចេញពីអគារនេះ ហើយបានប្រាប់បន្ថែមទៀតថា ជនរងគ្រោះភាគច្រើនជាអ្នកជួលស្នាក់នៅជាន់ទី១ និងជាន់ទី២។ រីឯអ្នកស្នាក់នៅជាន់ទី៣ និងជាន់ទី៤ រងរបួសស្រាល។
តាមរយៈរូបភាពវីដេអូដែលបង្ហោះដោយទីភ្នាក់ងារសារព័ត៌មាន ANI បានបង្ហាញឲ្យឃើញថា ក្រុមអ្នកជួយសង្គ្រោះ បានទាញកុមារ និងស្ត្រីចេញពីបង្អួចពីជាន់ទី១ របស់អគារនេះ ដោយប្រើជណ្តើរបណ្តោះអាសន្ន។ ហើយឃ្លីបវីដេអូនេះ ក៏បង្ហាញដែរថា អ្នកពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់ភ្លើង ដោយប្រើបាញ់ទុយោបាញ់ទឹក៕