
ប្រភពព័ត៌មានពីរដ្ឋាភិបាលអូស្រាលីដែលដឹងពីបញ្ហា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា នគរបាលម៉ាឡេស៊ី ដែលត្រូវបានកាត់ទោសពីបទធ្វើឃាតស្រ្តីជនជាតិម៉ុងហ្គោលី បានដើរចេញដោយសេរីពីមន្ទីរឃុំឃាំងនៅអូស្រ្តាលី ជាកន្លែងដែលលោកជាប់ឃុំអស់រយៈពេលជិត ៩ឆ្នាំមកហើយ ។
លោក Sirul Azhar Umar និងមន្រ្តីនគរបាលម្នាក់ទៀត ត្រូវបានគេកាត់ទោសប្រហារជីវិតនៅប្រទេសម៉ាឡេស៊ី ក្រោយរកឃើញថាមានទោសពីបទធ្វើឃាតនាង Altantuya Shaariibuu វ័យ ២៨ឆ្នាំ ដែលជាអ្នកបកប្រែឲ្យអតីតសហការីរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak ។
លោក Sirul ត្រូវបានចាប់ខ្លួនតាមសំណើរអន្តរជាតិ ហើយត្រូវបានឃុំឃាំងនៅក្នុងមន្ទីរឃុំឃាំងអន្តោប្រវេសន៍អូស្រ្តាលី ចាប់តាំងពីខែមករា ឆ្នាំ ២០១៥រហូតមក ក្រោយរត់ភៀសខ្លួនចេញភ្លាមៗពីប្រទេសម៉ាឡេស៊ី មុនពេលតុលាការផ្តល់សាលក្រមកាត់ទោសប្រហារជីវិត ។
គួរឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី និយាយនៅថ្ងៃសុក្រនេះថា អូស្រ្តាលី បានដោះលែងបុរសជនជាតិរ៉ូហ៊ីងយ៉ាគ្មានរដ្ឋម្នាក់ ដែលបានឃុំខ្លួននៅមន្ទីរបង្ខាំងជនអន្តោប្រវេសន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីការសម្រេចជាប្រវត្តិសាស្រ្តរបស់តុលាការ ដែលវានឹងត្រួសត្រាយផ្លូវបញ្ចប់ការឃុំខ្លួនគ្មានការកំណត់លើក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោណ ។
កាលពីថ្ងៃពុធ តុលាការជាន់ខ្ពស់ បានសម្រេចថា បុរសម្នាក់មកពីមីយ៉ាន់ម៉ា ដែលត្រូវបានឃុំខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ក្រោយជាប់ពន្ធនាគារសម្រាប់ការបំពានផ្លូវភេទលើកុមារនោះ ត្រូវបានគេឃាត់ខ្លួនដោយខុសច្បាប់ ស្របពេលដែលគ្មានក្តីសង្ឃឹមពិតប្រាកដឲ្យគាត់អាចនាំចេញពីអូស្រ្តាលីក្នុងពេលអនាគតខាងមុខ ។
សាលក្រមនេះ នឹងបដិសេធន៍ចោលការសម្រេចរបស់តុលាការអូស្ត្រាលីកាលពីរយៈពេលប្រហែល ២០ឆ្នាំមុនដែលនិយាយថា ការឃាត់ខ្លួនជនអន្តោប្រវេសន៍គ្មានការកំណត់ គឺស្របច្បាប់ ដរាបណាដែលរដ្ឋាភិបាលមានបំណងចុងក្រោយនាំយកអន្តោប្រវេសន៍ចេញពីប្រទេសអូស្រ្តាលី ៕