
ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) នេះ បានកែប្រែឡើងវិញនូវកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ដែលមានគោលបំណងរារាំងដល់ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយបានប្តេជ្ញាបន្តដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង ទោះបីជាមានភាពច្របូកច្របល់ជាសកលក៏ដោយ។
ក្រសួងការពារជាតិបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik និងសមភាគីសហរដ្ឋអាមេរិករបស់លោក គឺលោក Lloyd Austin បានចុះហត្ថលេខាលើយុទ្ធសាស្រ្តឆ័ត្រការពារផ្លូវការ (TDS) ដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មី ក្នុងកិច្ចពិភាក្សាសន្តិសុខ នៅទីក្រុងសេអ៊ូល។
ក្រសួងបានប្រាប់ថា ការកែប្រែនេះត្រូវបានគេចាត់ទុកថា មានភាពចាំបាច់ ដោយសារតែយុទ្ធសាស្ត្រដែលមានស្រាប់ មិនបានដោះស្រាយឲ្យបានគ្រប់គ្រាន់នូវការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ក្រសួងការពារជាតិមិនបានបញ្ជាក់ភ្លាមៗនូវអ្វី ដែលបានធ្វើបច្ចុប្បន្នភាពក្នុងកិច្ចព្រមព្រៀងនោះ ដែលត្រូវបានគេជឿថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់ធនធានយោធាជាយុទ្ធសាស្ត្រ ក្នុងនោះរួមទាំងកម្លាំងផ្នែកអាវុធនុយក្លេអ៊ែរផងដែរ ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន។
ដោយត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ២០១០ នោះ TDS មានសារៈសំខាន់ជាងមុន នៅពេលដែលកូរ៉េខាងជើង បានធ្វើដំណើរទៅមុខជានិច្ច ក្នុងកម្មវិធីផលិតអាវុធមីស៊ីលបាលីស្ទិក និងនុយក្លេអ៊ែររបស់ខ្លួន។ ក្នុងឱកាសនៃជំនួបនេះដែរ មេដឹកនាំទាំង២ ក៏បាននិយាយថា ភាគីទាំង២ បានយល់ព្រមក្នុងការលើកកម្ពស់សមយុទ្ធរួមគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន ដើម្បីទប់ស្កាត់ និងរៀបចំឲ្យកាន់តែប្រសើរឡើង សម្រាប់ទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង៕