
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា ជំនួយរបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែន នឹងត្រូវបានពង្រីកយ៉ាងច្រើន នៅឆ្នាំក្រោយ ខណៈដែលទីក្រុងគីវ ឈានចូលដល់រដូវរងាទីពីររបស់ខ្លួន ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការឈ្លានពានពេញលេញរបស់ខ្លួន។
ប្រទេសអាល្លឺម៉ង់ បានក្លាយជាអ្នកផ្គត់ផ្គង់យោធាឈានមុខគេរបស់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានបញ្ជូនសម្ភារៈដែលរួមមានរថក្រោះ រថពាសដែក ប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធមីស៊ីលPatriot។
រដ្ឋមន្ត្រីការបរទេស លោកស្រី Annalena Baerbock បាននិយាយនៅថ្ងៃចន្ទនេះ នៅពេលមកដល់ក្នុងកិច្ចប្រជុំជាមួយសមភាគីសហភាពអឺរ៉ុបថា ទោះបីជាអឺរ៉ុប កំពុងប្រឈមមុខនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ វានៅតែមានសារៈសំខាន់ក្នុងការ «ប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយនៅទីនេះ»។
លោកស្រី បាននិយាយថា វានឹងរួមបញ្ចូលការជួយអ៊ុយក្រែនឲ្យឆ្លងផុតខែរដូវរងាខាងមុខនេះ ហើយ "ការគាំទ្ររបស់យើង នឹងត្រូវបានពង្រីកយ៉ាងខ្លាំងសម្រាប់ឆ្នាំក្រោយនេះ។