
ជុំថ្មីនៃកិច្ចប្រជុំគាំទ្រដោយអង្គការសហប្រជាជាតិ(UN) ដើម្បីរឹតត្បិតលើកខ្វក់ប្លាស្ទិកសកល នឹងធ្វើឡើងនៅក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
យោងតាមការស្រាវជ្រាវ ដែលបានចុះផ្សាយកាលពីខែមីនា ឆ្នាំ ២០២៣ បានឲ្យដឹងថា ប្លាស្ទិកហូរចូលមហាសមុទ្រពិភពលោក បានហក់ឡើងខ្ពស់ក្នុងបរិមាណមិនធ្លាប់ដែលមានពីមុនមក ចាប់តាំងពីឆ្នាំ ២០០៥ ហើយអាចនឹងកើនឡើងជិត ៣ដងនៅឆ្នាំ ២០៤០ បើសិនជាពុំចាត់វិធានការបន្ថែមទៀតទេនោះ ។
យោងតាមការស្រាវជ្រាវដឹកនាំដោយវិទ្យាស្ថាន 5 Gyres គឺជាអង្គការសហរដ្ឋអាមេរិកដែលយុទ្ធនាការរបស់ពួកគេ មានគោលដៅកាត់បន្ថយការបំពុលប្លាស្ទិក បានឲ្យដឹងថា ភាគល្អិតប្លាស្ទិកប្រហែល ១៧១សែនកោដិភាគល្អិត បានអណ្តែតលើផ្ទៃមហាសមុទ្រគិតត្រឹមឆ្នាំ ២០១៩ ។
ពួកគេបានព្យាករណ៍ថា ការបំពុលប្លាស្ទិកសមុទ្រ អាចនឹងកើនឡើងចំនួន ២,៦ដង បើសិនជាគោលនយោបាយស្របច្បាប់ មិនត្រូវណែនាំទេនោះ ។
ការសិក្សានេះ ពិនិត្យមើលទិន្នន័យការបំពុលបា្លស្ទិកលើផ្ទៃទឹកពីស្ថានីយ៍មហាសមុទ្រ ១១.៧៧៧កន្លែង នៅតាមតំបន់សមុទ្រសំខាន់ៗចំនួន ៦កន្លែង អំឡុងរយៈពេលចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៩ ។
សូមបញ្ជាក់ថា មីក្រូប្លាស្ទិក គ្រោះថ្នាក់ជាពិសេសដល់មហាសមុទ្រ មិនត្រឹមតែធ្វើឲ្យកខ្វក់ទឹកប៉ុណ្ណោះទេ តែវាធ្វើឲ្យខូចសរីរាង្គខាងក្នុងរបស់សត្វសមុទ្រ ដែលច្រឡំប្លាស្ទិកថាជាចំណី ៕