
ការចាប់ខ្លួនបុរសជនជាតិប៉ាឡេស្ទីនម្នាក់ដោយកងកម្លាំងអ៊ីស្រាអែល ត្រូវបានចាប់រូបភាពតាមកាមេរ៉ា ហើយត្រូវបានផ្សាយបន្តផ្ទាល់ នៅលើបណ្ដាញសង្គម TikTok នៅព្រឹកថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) នេះ ហើយបន្ទាប់មកវីដេអូនោះត្រូវបានចែករំលែកតៗគ្នាយ៉ាងឆាប់រហ័ស។
លោក Eyad Benat បាននិយាយថា លោកបានស្នាក់នៅផ្ទះរបស់លោកនៅទីក្រុង Hebron នៃតំបន់វ៉េសប៊ែង ដោយកំពុងមើលព័ត៌មានតាមទូរទស្សន៍ជាមួយគ្រួសាររបស់លោក នៅពេលនោះទាហានអ៊ីស្រាអែលពាក់ម៉ាស់ ២នាក់ បានចូលទៅ។ បន្ទាប់មក ការប្រតាយប្រតប់គ្នាត្រូវបានសមាជិកគ្រួសារយកកាមេរ៉ាថតជាប់ ហើយបានផ្សាយបន្តផ្ទាល់ទៅកាន់គេហទំព័ររបស់បណ្ដាញសង្គមដ៏មានប្រជាប្រិយ TikTok។
លោក Benat និយាយថា លោកបាននិងកំពុងរៃអង្គាសប្រាក់ផ្ទេរទៅឲ្យបុគ្គលិកផ្ដល់ជំនួយ នៅតំបន់ហ្កាហ្សា។ ជាមួយគ្នានេះ លោកបានប្រាប់ថា លោកក៏បានផ្ដល់កន្លែងស្នាក់នៅដល់កម្មករមកពីតំបន់ហ្កាហ្សា ៨នាក់ ដែលមិនអាចត្រឡប់ទៅតំបន់នោះវិញបាន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ លោក Benat បានបន្ថែមទៀតថា ទាហានអ៊ីស្រាអែលបានសួរលោកអំពីសកម្មភាពទាំង២ នោះ មុនពេលដោះលែងរូបលោក ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីការចាប់ខ្លួននេះ។ ចំណែកកម្មករទាំង ៦នាក់ ត្រូវបានចាប់ខ្លួន។
នៅពេលត្រូវបានសួរអំពីវីដេអូនេះ ខាងកងទ័ពអ៊ីស្រាអែល បានប្រាប់ថា ខ្លួនកំពុងពិនិត្យលើហេតុការណ៍នេះ ហើយមិនមានការអត្ថាធិប្បាយអ្វីភ្លាមៗនោះឡើយ៕