ភ្នំពេញ ៖ ប្រធានគណបក្សឯកភាពជាតិខ្មែរ លោក អ៊ុន ជឹម បានប្រកាសគាំទ្រ និងឯកភាពទាំងស្រុងចំពោះការ លើកឡើងរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រកាសបដិសេធមិនបញ្ចុះ តម្លៃ និងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរណ៍បរទេសដែលចង់មកលេងនៅកម្ពុជា។
ប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក អ៊ុន ជឹម បានលើកឡើងថា លោកបានតាមដាន និងស្តាប់អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកមិញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅវិមានសន្តិភាពនោះ ដោយយកចិត្តទុកដាក់បំផុត។ លោកបានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់សម្តេចមហាបវរធិបតី ហើយលោកអ៊ុន ជឹម ក៏មិនយល់ស្របចំពោះការស្នើសុំពីវិស័យឯកជនមួយចំនួនដែលបានស្នើឲ្យរាជរដ្ឋាភិបាលលើកលែងទិដ្ឋាការចំពោះបរទេសនោះដែរ។
ប្រធានគណបក្សឯកភាពជាតិខ្មែររូបនេះបានបញ្ជាក់ថា« ដូចអ្វីដែលនាយករដ្ឋមន្រ្តីបានលើកឡើងយ៉ាងដូច្នេះដែរថាតម្លៃនៃការផ្តល់ទិដ្ឋាការមិនមែនជារបាំងរារាំងដល់បរទេសដែលចង់មកកម្ពុជានោះទេ សំខាន់បំផុតនោះគឺសេវាកម្មសាធារណៈ និងសុវត្ថិភាពរបស់ពួកគេទៅវិញទេ ហើយតម្លៃទិដ្ឋា ការសម្រាប់ភ្ញៀវបរទេសក៏មិនថ្លៃដែរ។ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់គប្បីពង្រឹងនូវវិជ្ជាជីវៈ និងការទទួលបដិសណ្ឋារកិច្ចវាល្អជាជាងចំពោះការលើកលែងទិដ្ឋាការ»។
ជាមួយគ្នានោះដែរលោក អ៊ុន ជឹម ក៏បានរិះគន់សេវាកម្មនៅតាមព្រលានយន្ត តាមសណ្ឋាគារ និងសេវាកម្មដឹកជញ្ជូនចំនួនផងដែរ ជាពិសេសវិស័យចរាចរតាមដងផ្លូវ ថាហាក់បីដូចជាមិនសូវល្អ ដែលរូបភាពទាំងនោះហើយបានធ្វើឲ្យភ្ញៀវមិនសូវសប្បាយចិត្ត។យ៉ាងណាក៏ដោយលោកអ៊ុន ជឹម ក៏បានគាំទ្រផងដែរចំពោះការលើកឡើងរបស់នាយករដ្ឋមន្រ្តីថា អ្វីដែលកម្ពុជាត្រូវរួមគ្នាធ្វើនាពេលនេះ គឺក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវខិតខំប្រឹងប្រែងកែលម្អរនីតិវិធីសម្រួល និងធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ ដើម្បីឲ្យទេសចរណ៍មកកម្ពុជាមានភាពកក់ក្តៅរីករាយ ទាំងពេលមកដល់ពេលស្នាក់នៅ និង ពេលត្រឡប់ទៅវិញជាដើម៕ អត្ថបទ ៖ បាន ចក់
