បណ្ដាបុគ្គលិករបស់អង្គការសហប្រជាជាតិ ឬUN បានឈរស្មិងស្មាធិ៍ ១នាទី នៅថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) នេះ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់បុគ្គលិកជាង ១០០នាក់ ដែលត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា គិតចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមផ្ទុះឡើង កាលពីខែមុន ខណៈដែលទង់របស់អង្គការសហប្រជាជាតិ ត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង។
បុគ្គលិកការិយាល័យរបស់ UN នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឱនក្បាលគោរព ខណៈដែលទៀនត្រូវបានអុជ ដើម្បីជាការរំលឹកដល់បុគ្គលិក ១០១នាក់នៃទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដែលត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ លោកស្រី Tatiana Valovaya អគ្គនាយកការិយាល័យ UN នៅទីក្រុងហ្សឺណែវ បាននិយាយថា នេះគឺជាចំនួនបុគ្គលិកជំនួយ ដែលត្រូវបានសម្លាប់ច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រនៃអង្គការសហប្រជាជាតិ ក្នុងរយៈពេលដ៏ខ្លី។
UNRWA បាននិយាយថា បុគ្គលិកមួយចំនួន ត្រូវបានសម្លាប់ ពេលកំពុងតម្រង់ជួរយកនំប៉័ង ខណៈពេលដែលអ្នកផ្សេងទៀត បានបាត់បង់ជីវិតរួមជាមួយនឹងក្រុមគ្រួសារ នៅផ្ទះរបស់ពួកគេ នៅក្នុងសង្គ្រាមផ្លូវអាកាស និងផ្លូវគោករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ដែលជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែន កាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមអ៊ីស្លាម។
អ៊ីស្រាអែលបានស្តីបន្ទោសក្រុមហាម៉ាសថា បានបង្កឲ្យមានការស្លាប់របស់ជនស៊ីវិល នៅក្នុងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅយ៉ាងណែនណាប់តាន់តាប់ ដោយនិយាយថា ក្រុមនេះប្រើប្រាស់ប្រជាជនជាខែលការពារមនុស្ស តែក្រុមហាម៉ាសបដិសេធការចោទប្រកាន់នេះ៕

