អ៉ឺរ៉ុប ៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) នេះ ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្កាហ្សា និងអំពីវិធីបន្តការយកចិត្តទុកដាក់របស់ប្លុកចំពោះអ៊ុយក្រែន ដោយសារវិបត្តិនៅមជ្ឈិមបូព៌ា។
ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ (ទី១២ ខែវិច្ឆិកា) សហភាពអឺរ៉ុប ឬEU បានថ្កោលទោសក្រុមហាម៉ាស ចំពោះការប្រើ «មន្ទីរពេទ្យ និងជនស៊ីវិលជាខែលការពារមនុស្ស» ក្នុងតំបន់ហ្កាហ្សា ខណៈពេលដែលក៏ជំរុញឲ្យអ៊ីស្រាអែលបង្ហាញពី «ការអត់ធ្មត់ឲ្យបានខ្ពស់បំផុត» ដើម្បីការពារជនស៊ីវិល។
យោងតាមបុគ្គលិកពេទ្យបានឲ្យដឹងថា មន្ទីរពេទ្យនៅភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល ហើយស្ទើរតែមិនអាចមើលថែទាំអ្នក ដែលនៅខាងក្នុងនោះបាន។ មន្ទីរពេទ្យធំជាងគេ និងធំទី២ របស់តំបន់ហ្កាហ្សា គឺ Al Shifa និង Al-Quds បានប្រាប់ថា ពួកគេកំពុងផ្អាកប្រតិបត្តិការ។
អ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសបានបង្កើតទីតាំងបញ្ជានៅពីក្រោម និងក្បែរមន្ទីរពេទ្យ ហើយខ្លួនចាំបាច់ត្រូវទៅឲ្យដល់ទីតាំងរបស់ពួកគេ ដើម្បីជួយរំដោះចំណាប់ថ្នូរប្រហែល ២០០នាក់ ដែលពួកសកម្មប្រយុទ្ធបានចាប់ខ្លួននៅអ៊ីស្រាអែល ក្នុងការវាយប្រហារ កាលពីជាង ១ខែមុន។ ក្រុមហាម៉ាសបានបដិសេធថា ខ្លួនមិនប្រើប្រាស់មន្ទីរពេទ្យ ក្នុងផ្លូវបែបនេះនោះឡើយ៕

