សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការកសាងមូលធនមនុស្ស គឺជាការចាំបាច់បំផុត ហើយការកសាងមូលធនមនុស្សនេះ គប្បីផ្តោតយកចិត្តទុកដាក់លើកត្តាសំខាន់ចំនួនពីរ គឺកត្តាសុខភាព និងសមត្ថភាព។
ក្នុងឱកាសអញ្ជើញបើក «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីចូលរួមកសាងមូលដ្ឋានមនុស្សឱ្យទទួលបានជោគជ័យនៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីចំនួនពីរខាងលើនេះ ហើយការដាក់ចេញនេះគឺផ្តោតទៅលើគឺការកសាងនូវមូល ធនមនុស្សនេះឯង។
សម្តេចធិបតីបញ្ជាក់ថា ដើម្បីឆ្លើយតបជាមួយនឹងបញ្ហាជំនាញ និងអនាគតនៃ ការងារ កម្មវិធីបណ្តុះបណ្តាលជំនាញត្រូវបានរៀបចំឲ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែង របស់ប្រជាពលរដ្ឋ ក្នុងជារយៈពេលខ្លី និងវែង ទំាងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សាសហគ្រាស, សហគមន៍ និងដោយចល័តផងដែរ៕ អត្ថបទ៖ បាន ចក់
