យោធាអ៊ីស្រាអែលបានចែករំលែកវីដេអូ និងរូបថតកាលពីថ្ងៃចន្ទ ១៣ វិច្ឆិកា ដែលបង្ហាញពីអ្វីដែលខ្លួននិយាយថាជាអាវុធដែលក្រុមហាម៉ាសរក្សាទុកនៅក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យកុមារក្នុងតំបន់ហ្កាហ្សា ជាទីដែលខ្លួនបាននិយាយថា ចំណាប់ថ្នូរទំនងជាត្រូវបានឃុំខ្លួននៅទីនោះ។

អ្នកនាំពាក្យយោធាឧត្តមនាវីទោ ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយថា កងទ័ពបានរកឃើញមជ្ឈមណ្ឌលបញ្ជាមួយដែលមានគ្រឿងសព្វាវុធ រួមមានគ្រាប់បែកដៃ អាវកាក់បំផ្ទុះគ្រាប់បែកអត្តឃាត និងគ្រឿងផ្ទុះផ្សេងទៀតដែលស្តុកទុកដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យរ៉ានទីស៊ី (Rantissi) ជាមន្ទីរពេទ្យកុមារដែលមានឯកទេសព្យាបាលអ្នកជំងឺមហារីក។
លោកបានបង្ហាញវីដេអូនូវអ្វីដែលមើលទៅដូចជាកន្លែងរស់នៅជាមូលដ្ឋាន រួមទាំងផ្ទះបាយតូចមួយ ក៏ដូចជាផ្លូវរូងក្រោមដីនៅក្បែរនោះ ដែលលោកបាននិយាយថា ឆ្ពោះទៅដល់ផ្ទះរបស់មេទ័ពជើងទឹកជាន់ខ្ពស់ក្រុមហាម៉ាស។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យចំពោះទីតាំង ឬកាលបរិច្ឆេទដែលវីដេអូនេះត្រូវបានថតនោះទេ។
ក្រុមហាម៉ាស និងអាជ្ញាធរមន្ទីរពេទ្យនៅតំបន់ហ្កាហ្សាបានបដិសេធថាមូលដ្ឋានសុខភាព មិនត្រូវបានប្រើប្រាស់តាមរបៀបនេះទេ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហាម៉ាស លើសេចក្តីថ្លែងការណ៍ចុងក្រោយរបស់អ៊ីស្រាអែលនោះទេ៕
