សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នឹងជួយលើកកម្ពស់ផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈ កម្លាំងពលកម្ម ជំនាញកាន់តែល្អប្រសើរដល់យុវជនកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងឱកាសអញ្ជើញបើក «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា តាមរយៈកម្មវិធីបណ្តុះបណ្តាលខាងលើនេះ យុវជនខ្មែរគប្បីត្រូវយកចិត្តដាក់ខ្ពស់ ក្នុងការសិក្សាលើកម្មវិធីដែលរាជរដ្ឋាភិបាលបានដាច់ចេញនេះ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារឲ្យកាន់តែប្រសើរ ប៉ុន្តែទោះជាយ៉ាងណាកម្មវិធីនេះពុំមែនជាការបង្ខិតបង្ខំនោះឡើយ គឺជាកិច្ចការស្ម័គ្រចិត្តរបស់តែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធទំាងអស់ ធ្វើយ៉ាងណាផ្សព្វផ្សាយនូវកម្មវិធីនេះឲ្យបានច្បាស់លាស់ និងចំគោលដៅ អំពីការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពន្យល់ដល់ពលរដ្ឋជាពិសេសយុវជន-យុវនារី ឱ្យបានយល់ច្បាស់ជៀសវាងការច្រឡំភាន់ណាមួយ ដោយចោទប្រកាន់ថាមានការបង្ខិតបង្ខំឲ្យសោះ៕ អត្ថបទ៖ បាន ចក់
