
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំននួន ១,៥ លាននាក់ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានជំរុញដល់ក្រសួងស្ថានប័ននានា និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយពីកម្មវិធីគោលនយោបាយអាទិភាពថ្មីនេះឱ្យបានទូលំទូលាយដើម្បីប្រជាពលរដ្ឋបានយល់ដឹង និងបញ្ជូនកូនមកចូលរៀនទាន់ពេលវេលា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការផ្សព្វផ្សាយបានច្បាស់លាស់ និងចំគោលដៅ អំពីការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន និងប្រជាពលរដ្ឋនៅមូលដ្ឋានបែបនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីពន្យល់ដល់ពលរដ្ឋឱ្យបានយល់ច្បាស់អំពីកម្មវិធីគោលនយោបាយអាទិភាពនេះ ក៏ដូចជាគោលនយោបាយអាទិភាពផ្សេងៗទៀត ដើម្បីជៀសវាងការភ័ន្តច្រឡំណាមួយពីសំណាក់ប្រជាពលរដ្ឋ។
សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥ លាននាក់ដោយមិនបង់ថ្លៃសិក្សា ក្រុមយុវជនគោលដៅក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។ កម្មវិធីគោលនយោបាយនេះ ប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្ដល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង ៧០ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត។
តាមរយៈកម្មវិធីនេះយុវជនបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀលក្នុង១ខែ, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់៕អត្ថបទ៖វ៉ន ដារ៉ា