ការកើនឡើងនៃសីតុណ្ហភាព និងភ្លៀងមូសុងដ៏អូសបន្លាយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារតែបម្រែបម្រួលអាកាសធាតុ កំពុងផ្តល់នូវលក្ខខណ្ឌបង្កាត់ពូជដ៏ល្អសម្រាប់សត្វមូស ដែលបង្កការរីករាលដាលនៃជំងឺគ្រុនឈាម ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺប្រភេទនេះដ៏អាក្រក់បំផុតមិនធ្លាប់មាន។

ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺគ្រុនឈាមក្នុងប្រទេសបង់ក្លាដែស នៅឆ្នាំ ២០២៣ នេះ គឺមានចំនួន ១.៤៧៦ នាក់ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ដោយមានអ្នកឆ្លងចំនួន ២៩១.៨៣២ នាក់ ។ បណ្ដាមន្ទីរពេទ្យបានជួបការលំបាកដើម្បីទប់ទល់នឹងការកើនឡើងនៃចំនួនអ្នកជំងឺនៅក្នុងប្រទេស ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនៅអាស៊ីខាងត្បូងមួយនេះ។

ចំនួនអ្នកស្លាប់នៅឆ្នាំនេះ គឺច្រើនជាង ៥ដងនៃតួលេខឆ្នាំ ២០២២ នៅពេលដែលប្រទេសបង់ក្លាដែស កត់ត្រាការស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ២៨១ នាក់ ហើយជាចំនួនអ្នកស្លាប់ច្រើនបំផុតចាប់តាំងពីក្រុមអាជ្ញាធរបានចាប់ផ្តើមតាមដានចាប់តាំងពីឆ្នាំ ២០០០ មក។

នេះជាឆ្នាំដំបូងហើយ ដែលករណីជំងឺគ្រុនឈាមត្រូវបានគេរាយការណ៍នៅក្នុងស្រុកទាំង ៦៤ ស្រុក ក្នុងប្រទេស ដែលមានប្រជាជនសរុបប្រមាណ ១៧០ លាននាក់នេះ។ មន្ទីរពេទ្យនានាក្នុងប្រទេសបង់ក្លាដែស មានអ្នកជំងឺច្រើនលើសលប់ ខណៈកំពុងមានកង្វះបច្ចេកទេសព្យាបាលបញ្ហាជាតិទឹកក្នុងសរសៃឈាម ដែលជាកត្តាសំខាន់ក្នុងការព្យាបាលករណីជំងឺធ្ងន់ធ្ងរ៕