ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកាថា មន្ទីរពេទ្យ Al Shifa នៅទីក្រុងតំបន់ហ្កាហ្សា ត្រូវតែបានការពារ ហើយលោកសង្ឃឹមថានឹងមានសកម្មភាពបង្កការបំផ្លាញកាន់តែតិច នៅទីនោះ។

សេចក្តីថ្លែងការណ៍របស់លោក Biden ទៅកាន់អ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍មួយ នៅការិយាល័យ Oval ធ្វើឡើង ខណៈរថក្រោះរបស់អ៊ីស្រាអែលបានចូលកាន់កាប់នៅទីតាំងច្រកទ្វារមន្ទីរពេទ្យធំរបស់ទីក្រុងតំបន់ហ្កាហ្សា ជាគោលដៅសំខាន់ក្នុងការប្រយុទ្ធរបស់អ៊ីស្រាអែលដើម្បីដណ្តើមការគ្រប់គ្រងពាក់កណ្តាលនៅភាគខាងជើងតំបន់ហ្កាហ្សា និងជាកន្លែងដែលក្រុមគ្រូពេទ្យសង្គ្រោះបឋម បាននិយាយថាអ្នកជំងឺរួមមានទាំងទារកទើបនឹងកើតបានស្លាប់ដោយសារខ្វះប្រេងឥន្ធនៈ។

អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា លោក Ashraf Al-Qidra ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa បាននិយាយថា អ្នកជំងឺ ៣២ នាក់បានស្លាប់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ រួមទាំងទារកទើបនឹងកើត ៣ នាក់ ដែលបណ្តាលមកពីការហ៊ុមព័ទ្ធមន្ទីរពេទ្យ និងកង្វះថាមពលអគ្គិសនី។