ក្រុមអាជ្ញាធរបាននិយាយថា រញ្ជួយដីប្រហែល ៩០០ដង បានវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្លង់ កាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ដោយបន្ថែមពីលើការរញ្ជួយរាប់ម៉ឺនដង ដែលបានកើតឡើងនៅក្នុងតំបន់រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈប្រទេសមួយនេះកំពុងត្រៀមខ្លួនទប់ទល់សម្រាប់លទ្ធភាពនៃការផ្ទុះភ្នំភ្លើងដ៏គ្រោះថ្នាក់មួយ។

មនុស្សជិត ៤.០០០នាក់ ត្រូវបានជម្លៀសចេញកាលពីចុងសប្តាហ៍ ដោយសារក្រុមអាជ្ញាធរភ័យខ្លាចថា កម្ទេចថ្មរលាយនឹងកើនឡើងដល់ផ្ទៃផែនដី ហើយអាចវាយប្រហារទីក្រុងឆ្នេរសមុទ្រ និងស្ថានីយ៍ថាមពលកម្ដៅក្នុងផែនដី។

ប្រជាជននៅក្នុងទីក្រុង ហ្រ្គីនដាវីក (Grindavik) នៃប្រទេសអ៊ីស្លង់ នេះត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ខណៈដែលដីរញ្ជួយ បណ្ដាលឲ្យខូចខាតផ្លូវ និងរចនាសម្ព័ន្ធនៃអគារនានាផងដែរ។
មន្ត្រីជួយសង្គ្រោះម្នាក់បាននិយាយថា ស្ទើរតែទាំងអស់នៃប្រជាជនចំនួន ៣.៨០០នាក់ នៃទីក្រុងនេះ អាចស្វែងរកកន្លែងស្នាក់នៅជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ហើយមនុស្សចន្លោះពី ៥០នាក់ ទៅ ៧០នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស៕
