លោក Andrea de Domenico ប្រធានការិយាល័យរបស់អង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌នៅក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីន បាននិយាយថា កង្វះប្រេងឥន្ធនៈនៅក្នុងតំបន់ហ្កាហ្សា នឹងនាំឲ្យការដឹកជញ្ជូនជំនួយនិងទំនាក់ទំនង ត្រូវបញ្ឈប់ភ្លាមៗនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោក De Domenico បាននិយាយថា ការធ្វើឲ្យអស់ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត កំពុងធ្វើឱ្យជីវិតរស់នៅរបស់ពលរដ្ឋតំបន់ហ្កាហ្សា «ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង»។

ដោយដកស្រង់របាយការណ៍ពីក្រុមហ៊ុន Paltel ជាក្រុមហ៊ុនទូរគមនាគមន៍របស់ដែនដីប៉ាឡេស្ទីន មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រព័ន្ធរបស់ក្រុមហ៊ុនទាំងអស់នឹងត្រូវបិទនៅថ្ងៃព្រហស្បតិ៍ ដោយបង្អាក់ដល់ទំនាក់ទំនង។
បន្ទាប់ពីការប្រយុទ្ធគ្នានៅជុំវិញមន្ទីរពេទ្យ Al-Shifa លោក De Domenico បាននិយាយថា គិលានុបដ្ឋាយិកា ៣ នាក់ត្រូវបានសម្លាប់ ហើយអ្នកជំងឺរាប់សិបនាក់ត្រូវបានជម្លៀសចេញ។
កាលពីយប់ថ្ងៃចន្ទគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សាចូលទៅកាន់ប្រទេសអ៊ីស្រាអែល ដែលទំនងជាត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។