ក្រុមមន្ត្រីក្នុងតំបន់ និងបុគ្គលិកមនុស្សធម៌ម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៣នាក់ បានស្លាប់ នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ីស្លាម បានវាយឆ្មក់ភូមិមួយនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីល្ងាចថ្ងៃអាទិត្យ (១២ វិច្ឆិកា)។

មេដឹកនាំទីភ្នាក់ងារសង្គមស៊ីវិល លោក Maurice Mabele Musaidi ដែលបានផ្តល់ចំនួនអ្នកស្លាប់ដំបូងចំនួន ១៩នាក់ បាននិយាយថា ក្រុមអ្នកវាយប្រហារបានចងអ្នកភូមិ និងសម្លាប់ពួកគេដោយប្រើកាំបិត និងអាវុធផ្សេងទៀត ខណៈមនុស្សជាច្រើននាក់ទៀតបានរត់គេចខ្លួន។

លោកបានបន្ថែមថា អ្នកខ្លះប្រហែលជាបានលង់ទឹកស្លាប់ នៅពេលដែលពួកគេព្យាយាមឆ្លងទន្លេ ឡាមីយ៉ា (Lamia) ទៅកាន់ប្រទេសអ៊ូហ្គង់ដា ដោយបញ្ជាក់ថា មនុស្សជាច្រើននៅតែបាត់ខ្លួននៅឡើយ។
មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ៣៣នាក់ រួមទាំងមេទ័ពម្នាក់ផងដែរ ហើយកុមារពីរនាក់បានលង់ទឹកស្លាប់ ខណៈពួកគេព្យាយាមរត់ទៅកាន់ប្រទេសអ៊ូហ្គង់ដា។

អ្នកនាំពាក្យរបស់កងទ័ពកុងហ្គោបាននិយាយថា ការវាយប្រហារនៅក្នុងតំបន់ វ៉ាតាលីងហ្កា (Watalinga) នៃដែនដី បេនី ធ្វើឡើងដោយកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ជាក្រុមប្រដាប់អាវុធមានមូលដ្ឋាននៅភាគខាងកើតប្រទេសកុងហ្គោ ដែលបានសន្យាភក្តីភាពចំពោះក្រុមរដ្ឋអ៊ីស្លាម៕