សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានរៀបចំសម្រាប់«ដំណាក់កាលទីពីរ»នៃការវាយប្រហារភេរវកម្មក្នុងប្រទេសអ៊ីស្រាអែល ក្នុងក្តីសង្ឃឹមនៃការបង្កជម្លោះកាន់តែធំឡើង នៅមជ្ឈិមបូព៌ា។

សារព័ត៌មាននេះ ដែលបានដកស្រង់សម្តីមន្ត្រីចារកម្ម និងសន្តិសុខបច្ចុប្បន្ន និងជាអតីតអ្នកស៊ើបការណ៍ជាច្រើននាក់មកពីប្រទេសលោកខាងលិច និងមជ្ឈិមបូព៌ាចំនួន៤ បាននិយាយថា ពួកសកម្មប្រយុទ្ធ បាននាំយកគ្រឿងបរិក្ខារ និងគ្រាប់រំសេវគ្រប់គ្រាន់ ដើម្បីទុកសម្រាប់រយៈពេលច្រើនថ្ងៃ។

មន្ត្រីមួយចំនួន ក៏បានកាន់ឯកសារដែលរួមបញ្ចូលព័ត៌មានលម្អិតអំពីរបៀបវាយប្រហារអ៊ីស្រាអែលខាងក្នុងកាន់តែស៊ីជម្រៅផងដែរ នេះបើយោងតាមរបាយការណ៍។ ក្រុមសកម្មប្រយុទ្ធហាម៉ាស ចង់ចូលទៅដល់ទីក្រុងធំៗរបស់អ៊ីស្រាអែល ហើយមានផែនការលុកលុយចូលទៅក្នុងតំបន់វេសបែង។
អាជ្ញាធរអ៊ីស្រាអែល បាននិយាយថា កាលពីថ្ងៃទី៧ ខែតុលា ភេរវករហាម៉ាស បានសម្លាប់មនុស្សជាង ១.២០០នាក់ និងបានចាប់ពង្រត់មនុស្ស ២៤០នាក់ បន្ថែមទៀត។ អ៊ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សាក្នុងប៉ុន្មានសប្តាហ៍ បន្ទាប់ពីការវាយប្រហារដែលអាជ្ញាធរសុខាភិបាលហាម៉ាសគ្រប់គ្រងតំបន់ហ្កាហ្សា បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១.០០០នាក់។