ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល (Josep Borrell) បានដាក់ចេញនូវសំណើកាលពីថ្ងៃចន្ទសម្រាប់របៀបដែលតំបន់ហ្កាហ្សា គួរតែដំណើរការ បន្ទាប់ពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយអំពាវនាវឲ្យបណ្តាប្រទេសអារ៉ាប់ដើរតួនាទីកាន់តែធំ នៅក្នុងរដ្ឋបាលប៉ាឡេស្ទីន នាពេលអនាគត។

លោកបូរ៉ែល ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ទឹកដីប៉ាឡេស្ទីន និងប្រទេសជិតខាង នៅចុងសប្តាហ៍នេះ បាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការគិតអំពីអ្វីដែលកើតឡើង បន្ទាប់ពីសង្គ្រាម ទោះបីជាមានការប្រយុទ្ធគ្នាយ៉ាង ខ្លាំងក្លាក្តី។
លោកបាននិយាយថា សហគមន៍អន្តរជាតិ បានបរាជ័យ«ខាងនយោបាយ និងសីលធម៌» ដើម្បីបង្កើតដំណោះស្រាយយូរអង្វែងចំពោះជម្លោះដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយឥឡូវនេះ វាដល់ពេលដែលត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីស្វែងរកដំណោះស្រាយរដ្ឋពីរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល លោក បានបង្ហាញសំណើរបស់លោកថា «ទេ”»ចំពោះរឿងបី និង «បាទ» ចំពោះរឿងបីផ្សេងទៀត។
លោកបាននិយាយថា ទេចំពោះការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំចេញពីតំបន់ហ្កាហ្សា ការកាន់កាប់អចិន្ត្រៃយ៍ដោយយោធាអ៊ីស្រាអែល ឬការផ្លាស់ប្តូរណាមួយចំពោះទំហំរបស់តំបន់ហ្កាហ្សា និងការវិលត្រឡប់របស់ក្រុមហាម៉ាស។