នាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Stoere កាលពីថ្ងៃចន្ទ បានជំរុញឲ្យអ៊ីស្រាអែល ធ្វើការផ្ទេរពន្ធឲ្យពេញលេញ ដែលខ្លួនត្រូវបានកាត់ទុកពីអាជ្ញាធរប៉ាឡេស្ទីន(PA) ដោយនិយាយថា ការទូទាត់គឺពិតជា «សំខាន់»សម្រាប់សុខុមាលភាពប្រជាជនប៉ាឡេស្ទីន។

ប្រទេសន័រវែស គឺជាប្រធាននៃក្រុមអ្នកផ្តល់ជំនួយអន្តរជាតិដល់ទឹកដីប៉ាឡេស្ទីន ដែលត្រូវបានគេស្គាល់ថាជាគណៈកម្មាធិការទំនាក់ទំនងអាដហុក(AdHoc)។ ប្រទេសនេះ គឺជាអ្នកសម្របសម្រួលនៅក្នុងកិច្ចចរចាឆ្នាំ១៩៩២-៩៣ រវាងអ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន ដែលនាំទៅដល់កិច្ចព្រមព្រៀង Oslo ដែលផ្តល់សម្រាប់ស្វ័យគ្រប់គ្រងរបស់ប៉ាឡេស្ទីនមានកម្រិត។

កាលពីថ្ងៃទី២ ខែវិច្ឆិកា អ៊ីស្រាអែល បាននិយាយថា ខ្លួននឹងបន្តការផ្ទេរចំណូលពន្ធទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន(PA) នៅតំបន់ វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ប៉ុន្តែនឹងរក្សាទុកមូលនិធិសម្រាប់តំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជាកន្លែងដែលអាជ្ញាធរប៉ាឡេស្ទីន(PA) ជួយចំណាយលើប្រាក់ឈ្នួលផ្នែកសាធារណៈ និងបង់ថ្លៃអគ្គិសនី។

ការសម្រេចចិត្តរបស់អ៊ីស្រាអែល បានកើតឡើង បន្ទាប់ពីការជជែកដេញដោលរបស់គណៈរដ្ឋមន្ត្រីផ្ទៃក្នុងលើថាតើត្រូវធ្វើការផ្ទេរនេះ នៅពេលដែលអ៊ីស្រាអែលប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា អាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ខ្លួននឹងមិនទទួលយកការផ្ទេរមួយផ្នែកពីអ៊ី ស្រាអែលទេ។ វាត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយប្រហែល ៣០ភាគរយ នៃថវិការបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលខ្លួនក៏ចំណាយសម្រាប់ថ្នាំពេទ្យ និងកម្មវិធីជំនួយសង្គមផងដែរ។