ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាជាង៤លានដុល្លារអាមេរិក សម្រាប់បើកជូនដល់គ្រួសារទទួលផលចំនួន៦១៦៧៨គ្រួសារ ក្នុងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ជំហ៊ានដំបូងនេះ។ ការបើកជូនសាច់ប្រាក់ គឺចាប់ផ្ដើមអនុវត្តពីថ្ងៃទី១០ ខែមិថុនានេះ ដោយគ្រួសារទទួលផល អាចទៅបើកបាននៅគ្រប់ភ្នាក់ងារវីង ដោយត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទដែលបានកត់ត្រាពេលសម្ភាសន៍។
ក្នុងឱកាសសន្និសីទសារព័ត៌មាននាព្រឹកនេះ ក្រោមអធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ បានបញ្ជាក់យ៉ាងច្បាស់ថា កម្មបើកសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ សម្រាប់កម្មវិធីជំនួយសង្គមក្រោយពេលបិទបញ្ចប់ការបិទខ្ទប់ គឺចាប់ផ្ដើមអនុវត្តពីថ្ងៃទី១០ ខែមិថុនានេះតទៅ។ ជាក់ស្ដែងសម្រាប់ជំហ៊ានដំបូងនេះ គឺរាជរដ្ឋាភិបាលនឹងចំណាយថវិកា ជាងលានដុល្លារសម្រាប់ប្រជាពលរដ្ឋ ចំនួន ៦១៦៧៨ គ្រួសារ ដែលជាប់ក្នុងការសម្ភាសន៍។ នេះជាការលើកឡើងរបស់ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច។
លោក បញ្ជាក់បន្ថែមថា សម្រាប់កម្មវិធីនេះ គឺរាប់គ្របដណ្ដប់លើគ្រួសារគោលដៅ ៣ប្រភេទ គឺសម្រាប់អ្នកមានជីវភាព ខ្វះខាតក្នុងកំឡុងពេលបិទខ្ទប់ ក្នុងទីតាំងរាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ និងសម្រាប់គ្រួសារដែលមាន សមាជិកឆ្លងជំងឺកូវីដ ដែលមានជីវភាពខ្វះខាត និងសម្រាប់គ្រួសារដែលសមាជិកស្លាប់ដោយសារ ជំងឺកូវីដ ក្នុងក្របខណ្ឌទូទាំងប្រទេស។
សម្រាប់ការបើកសាច់ប្រាក់នាពេលនេះ លោកបញ្ជាក់ថា គ្រួសារទទួលផលអាចទៅបើកថវិកាបាននៅគ្រប់ភ្នាក់ងារ វីង ដោយត្រូវភ្ជាប់ជាមួយ អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទដែលបានផ្ដល់ជូន កំឡុងពេលសម្ភាសន៍។ លោក បានបន្តថា ចំពោះគ្រួសារដែលមានសមាជិកបាត់បង់ជីវិត ដោយកូវីដ-១៩ គឺមន្ត្រីជំនាញនឹងបើកសាច់ប្រាក់ជូនដល់គេហដ្ឋានដោយផ្ទាល់។
សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ គឺជាកម្មវិធីអនុវត្តតែមួយដងតែប៉ុណ្ណោះ ពុំមានការបើកសាច់ប្រាក់ជូនរាល់ខែនោះទេ។ សម្រាប់គ្រួសារដែលមានជីវភាពខ្វះខាតក្រោយពេលបិទខ្ទប់ ហើយចង់ដាក់ពាក្យស្នើសុំការសម្ភាសន៍ នៅតែអាចបន្តដាក់ពាក្យស្នើសុំទៅឃុំ-សង្កាត់ក្នុងរយៈពេលមួយសប្ដាហ៍នេះបន្ថែមទៀត។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ថេង បញ្ញាធន តំណាងមកពីក្រសួងផែនការ ជាក្រសួងសាមី ក្នុងការកំណត់អត្តសញ្ញាណគ្រួសារទទួលផល។
គួរបញ្ជាក់ថា សម្រាប់កម្មវិធីជំនួយសង្គមក្រោយបញ្ចប់ការបិទខ្ទប់នេះ គឺមានផ្ដោតសំខាន់លើចំណុចសំខាន់ចំនួន ៣ រួមមាន ថ្លៃស្បៀងអាហារ ថ្លៃទឹកស្អាត និងថ្លៃអគ្គិសនី ដោយគ្រួសារទទួលផល អាចទទួលបានសាច់ប្រាក់ខុសគ្នា ទៅតាមចំនួនសមាជិកនៃគ្រួសារនីមួយៗ៕
អត្ថបទ៖ គឹមហុក