ស្វាយរៀង៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្វាយរៀង បានត្រៀមចុះផ្ទៀងផ្ទាត់ទួលបុរាណដ្ឋាន ដើម្បីអភិរក្ស ថែរក្សា ការពារ ទីទួលបុរាណឲ្យបានគង់វង្ស និងផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌។
លោកស្រី ឥន្ទ ណាគ្រី ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្វាយរៀង ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះថា ក្រោយពីកិច្ចប្រជុំថ្នាក់ដឹកនាំរួចមក យើងបានដាក់ចេញផែនការជាច្រើន ត្រូវអនុវត្តន៍ចំពោះមុខ រួមមាន៖ មន្រី្តជំនាញសហការជាមួយអាជ្ញាធរដែនដីភូមិ-ឃុំ-ស្រុក និងភូមិបាល ដើម្បីធ្វើប្លង់ដីកម្មសិទ្ធិទួលបុរាណដ្ឋាន និងត្រៀមចុះផ្ទៀងផ្ទាត់ទួលបុរាណដ្ឋាន ដែលបានធ្វើប្លង់រួចរាល់ហើយ ប៉ុន្តែដាក់ឈ្មោះខុស ដើម្បីដាក់ឈ្មោះឲ្យត្រឹមត្រូវឡើងវិញ ហើយមន្រី្តជំនាញ និងចុះធ្វើនិយាមការបន្តទៀត។
លោកស្រី ឥន្ទ ណាគ្រី ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង បានបញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៣នេះ មន្រី្តជំនាញ បានចុះបោះបង្គោលកំណត់ដែនរក្សាការពារបុរាណដ្ឋាន បានចំនួន៤៦កន្លែង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានដឹងយល់ថា សម្បតិ្តបេតិកភណ្ឌជាតិ ព្រោះថាក្នុងខេត្តស្វាយរៀងទាំងមូល មានទួលបុរាណដ្ឋាន ចំនួន៨០៥ទួល ជាចំនួនមួយច្រើនណាស់ ដូច្នេះមន្រី្តជំនាញរបស់យើងខិតខំធ្វើម្តងបន្តិចៗ ៕ អត្ថបទ រដ្ឋា







