ភ្នំពេញ៖ ត្រីបបែលយក្សរបស់កម្ពុជា ទម្ងន់ ៣០០គីឡូក្រាម ដែលមានប្រវែងដងខ្លួនពីច្រមុះដល់ចុងកន្ទុយ ៣,៩៨ម៉ែត្រ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ពីស្ថាប័នកំណត់ត្រាពិភព (GUINNESS WORLD RECORDS) ដែលជាត្រីទឹកសាបធំជាងគេលើពិភពលោក។
លោក ហ្សេប ហូហ្គេន ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នៅក្នុងអង្គសិក្ខាសាលាអន្តរជាតិ ស្តីពីស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គ និងពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្តីពីត្រីទឹកសាបធំបំផុតជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ ត្រីបបែលយក្សទឹកសាបចំនួន ៣ក្បាល ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។ លោករៀបរាប់ថា ត្រីបបែលយក្សទី១ និងទី២ចាប់បាន នៅខែឧសភា ឆ្នាំ២០២២ មានទម្ងន់ ១៨០ និង១៤៣គីឡូក្រាម។ ចំណែកត្រីបបែលយក្សទី៣ មានទម្ងន់ ៣០០គីឡូក្រាម ដែលបានជាប់ក្នុងកំណត់ត្រានេះ។
ក្នុងពិធីបើកសិក្ខាសាលាថ្ងៃនេះ ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណដៃគូពាក់ព័ន្ធទាំងថ្នាក់ជាតិ អន្តរជាតិ និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលបានខិតខំប្រឹងប្រែងចំពោះការងារនេះរហូតទទួលបានជោគជ័យ។
ឯកឧត្តម ក៏បានជំរុញឲ្យរដ្ឋបាលជល សហការជាមួយដៃគូអភិវឌ្ឍន៍ បន្តធ្វើការសិក្សាស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្រ្តជលផល តាមដានការប្រែប្រួលធនធានជលផល និងលំនឹងប្រព័ន្ធអេកូឡូស៊ីជលផល ធ្វើយ៉ាងណារួមគ្នាការពារ និងអភិរក្សធនធានជលផលនៅតាមដងទន្លេមេគង្គ ដើម្បីជាដែនជម្រកសត្វទាំងឡាយ ជាពិសេសសម្រាប់ជាកន្លែងរស់នៅរបស់ត្រីមេពូជសំខាន់ៗ។
ពាក់ព័ន្ធការរៀបចំសិក្ខាសាលាថ្នាក់អន្តរជាតិនាពេលនេះ លោកស្រី ជា សីលា អ្នកគ្រប់គ្រងប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានបញ្ជាក់ថា ក្នុងគោលបំណងប្រមូលព័ត៌មានពីស្ថានភាពត្រីបបែលយក្សទឹកសាបពីភាគីអ្នកពាក់ព័ន្ធមកពីតំបន់នានា ដូចជាអ្នកជំនាញមកពីម៉ាឡេស៊ី និងអូស្រ្តាលីជាដើម ដែលអាចឱ្យអ្នកស្រាវជ្រាវសំយោគព័ត៌មាន សម្រាប់ការធ្វើផែនការស្រាវជ្រាវ ការពារ និងអភិរក្សត្រីបបែបយក្សនៅក្នុងទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា ទន្លេនានានៅតំបន់អាស៊ីអាគ្នេយ៍ និងឧបទ្វីបដទៃទៀត។
សូមបញ្ជាក់ជូនថា គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ទទួលថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ធ្វើការសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ដើម្បីបង្កើនការយល់ដឹង សមត្ថភាពនៃការគ្រប់គ្រង មុខងារដ៏សម្បូរបែបនៃទន្លេមេង្គសម្រាប់ធនធានជលផល និងធនធានវារីសត្វដទៃទៀត និងមនុស្សជាតិទាំងមូល៕អត្ថបទ ឈិត បូរ៉ាវី




