បាត់ដំបង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់ មានការប្រុងប្រយ័ត្នក្នុងការចែករំលែករូបភាព ទីតាំង សព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ធានាដល់ការរក្សាការសម្ងាត់យោធា។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានផ្ដាំផ្ញើបែបនេះ ក្នុងឱកាស ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អាវរងារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទិសទី២ យោធភូមិភាគី៥ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
ឆ្លៀតក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកត្តិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនដល់បងប្អូនកងទ័ពយើង និងក្រុមគ្រួសារផងដែរ។ គ្រប់កាលៈទេសៈ ថ្នាក់ដឹកនាំយើងតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខ ជីវភាព របស់បងប្អូន និងក្រុមគ្រួសារ។
ឧត្តមសេនីយ៍ឯកថ្លែងថា ការចែកអាវភ្លៀង និងអាវរងារជូនកងកម្លាំងយើងទាំងអស់នាពេលកន្លងមក គឺជានិមិត្តរូបនៃការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរបស់សម្តេចទាំងទ្វេ ជាមួយកងកម្លាំងប្រដាប់អាវុធ ធានាការពារផលប្រយោជន៍ជាតិយើង។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បញ្ជាក់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយសម្តេចធិបតី ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា និងឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញ និងពង្រឹងកំណែទម្រង់យោធា ទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ពង្រឹងសមត្ថភាព និងបណ្តុះបណា្តលធនធានមនុស្ស ធានាការពារខឿនការពារជាតិ សុខសន្តិភាព និងប្រជាជន។
ឧត្តមសេនីយ៍ឯកថ្លែងថា៖«យើងត្រូវចេះទទួលយកមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន រួចត្រិះរិះពិចារណា ថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍ និងស្ថាបនា បំពេញបន្ថែមនូវចំណុចខ្វះខាត»។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថ្លែង កោតសរសើរដល់បងប្អូនកងកម្លាំងប្រដាប់អាវុធនៅភូមិភាគទី៥ ដែលតែងតែបង្កើនកិច្ចសហការជាមួយកងកម្លាំងប្រទេសជាប់ព្រំដែន ការពារតាមខ្សែបន្ទាត់ព្រំដែន ប្រែក្លាយជាព្រំដែនសន្តិភាព ទប់ស្កាត់បទល្មើសផ្សេងៗ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតថ្លែងថា៖«ខ្ញុំបានផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់ មានការប្រុងប្រយ័ត្នក្នុងការចែករំលែករូបភាព ទីតាំង សព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ធានាដល់ការរក្សាការសម្ងាត់យោធា។ ក្នុងនាមជាកងកម្លាំង យើងបេ្តជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល បន្តគាំទ្រសម្តេចធិបតី និងបេ្តជ្ញាថែរក្សាការពារសុខសន្តិភាពឱ្យខានតែបាន»៕








