ភ្នំពេញ៖ តាមរយៈបរធនបាលកិច្ច បានរួមចំណែកធ្វើឱ្យវិស័យអចលនទ្រព្យមានលំនឹង និងអាចងើបឡើងវិញ បានជាបណ្តើរៗ ជំនះរាល់ឧបសគ្គបញ្ហានិន្នាការជាសាកលដែលបានកើតឡើងបីផ្ទួនៗគ្នា។ នេះបើតាមការឱ្យដឹងពីអ្នកជំនាញវិស័យអចលនទ្រព្យលើកឡើងក្នុងកម្មវិធីជែកអំពីបរធនបាលកិច្ច។
និយ័តករបរធនបាលកិច្ច និងសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានរៀបចំកម្មវិធីជជែកអំពីបរធនបាលកិច្ចស្តីពី «យន្តការសម្រាប់ការវិនិយោគលើអចលនទ្រព្យប្រកបដោយទំនុកចិត្ត» ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
នៅក្នុងឱកាសនោះ អ្នកឧកញ៉ា លីហួរ បានឱ្យដឹងថា កម្មវិធីខាងលើធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចអោយមានប្រសិទ្ធភាព និងភាពរស់រវើក ក៏ដូចជាការចូលរួមក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈពីវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា។ លើសពីនេះអ្នកឧកញ៉ា លី ហួរ បន្តថា តាមរយៈបរធនបាលកិច្ចបានរួមចំណែកធ្វើឱ្យវិស័យអចលនទ្រព្យមានលំនឹងនិងអាចងើបឡើងវិញបានជាបណ្តើរៗ ជំនៈរាល់ឧបសគ្គបញ្ហានិន្នាការជាសាកលដែលបានកើតឡើងបីផ្ទួនៗគ្នារួមមាន៖ បញ្ហាជំងឺកូវីដ-១៩ សង្គ្រាមប្រទេសរុស្ស៊ីជាមួយប្រទេសអ៊ុយក្រែន និងសង្គ្រាមរវាប្រទេសអ៊ីស្រាអែលជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានឱ្យដឹងដែរថា យន្តការបរធនបាលកិច្ចជាយន្តការមួយជួយសម្រួល ជួយទាក់ទាញ និងជួយបង្កើនទំនុកចិត្តដល់អ្នកវិនិយោគិនទាំងឡាញជាពិសេសវិនិយោគិនបរទេសដែលមានបំណងចង់វិនិយោគលើវិស័យអចនទ្រព្យនៅកម្ពុជា។ ហើយយន្តការនេះមានសារៈសំខាន់មួយចំនួនក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បរធនបាលកិច្ចបានចុះបញ្ជីរហូតដល់ជាង៦០០ករណី ដែលធ្វើឱ្យទំហំបរធនមានការកើនឡើងគួរឱ្យកត់សំគាល់។នេះបើតាមរបាយការណ៍របស់និយ័តករបរធនបាលកិច្ច៕ អត្ថបទ៖ទូច សោភ័ណ





