ឥណ្ឌូនេស៊ី ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី (KPU) បានប្រកាសកាលពីថ្ងៃចន្ទថា បេក្ខជនតំណែងប្រធានាធិបតី និងអនុប្រធានាធិបតីចំនួន៣គូ នឹងឈរឈ្មោះក្នុងការបោះឆ្នោតសកលឆ្នាំ ២០២៤ របស់ប្រទេសនេះ។ ស្នងការគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី (KPU) លោក Idham Holik បានប្រាប់សន្និសីទសារព័ត៌មានថា លោក Anies Baswedan និងលោក Muhaimin Iskandar, លោកGanjar Pranowo និងលោក Muhammad Mahfud, លោក Prabowo Subianto និងលោក Gibran Rakabuming Raka ត្រូវបានប្រកាសថាមានសិទ្ធិជាគូបេក្ខជនប្រកួតប្រជែងតំណែងប្រធានាធិបតី និងអនុប្រធានាធិបតី សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។ លោក Anie Baswedan គឺជាអតីតអភិបាលក្រុងហ្សាកាតា។ មិត្តរួមប្រជែងដំណែងរបស់លោកគឺលោក Muhaimin Iskandar គឺជាប្រធានគណបក្ស National Awakening មានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងរឹងមាំជាមួយអង្គការអ៊ីស្លាមនិយមធំបំផុតរបស់ប្រទេស គឺអង្គការ Nahdlatul Ulama (NU)។ លោក Ganjar Pranowo គឺជាអតីតអភិបាលខេត្តជ្វាខាងកើត ជាខេត្តមានប្រជាជនច្រើនបំផុតទីពីរនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោកឈរឈ្មោះជាមួយលោក Muhammad Mahfud ដែលបច្ចុប្បន្នកំពុងបម្រើការជារដ្ឋមន្ត្រីសម្របសម្រួលកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខរបស់ប្រទេសឥណ្ឌូនេស៊ី។ទន្ទឹមនឹងនេះ លោក Prabowo Subianto បច្ចុប្បន្នជារដ្ឋមន្ត្រីការពារជាតិប្រទេសឥណ្ឌូនេស៊ី។ នេះជាលើកទី៣ហើយសម្រាប់លោក ក្នុងការប្រជែងតំណែងមេដឹកនាំកំពូលរបស់ប្រទេសនេះ បន្ទាប់ពីធ្លាប់ចាញ់លោកប្រធានាធិបតី Joko Widodo ក្នុងការបោះឆ្នោតឆ្នាំ ២០១៤ និងឆ្នាំ ២០១៩។ សម្រាប់ការបោះឆ្នោតឆ្នាំនៅ ២០២៤ លោកឈរឈ្មោះជាមួយលោក Gibran Rakabuming Raka ជាកូនប្រុសច្បងរបស់លោក Widodo។ ដោយមានអ្នកមានសិទ្ធិបោះឆ្នោតច្រើនជាង ២០០ លាននាក់ ដើម្បីចូលរួមបោះឆ្នោតនៅឆ្នាំក្រោយ ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។ នៅថ្ងៃនោះ អ្នកបោះឆ្នោតនឹងមិនត្រឹមតែបោះឆ្នោតជូនបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមាជិកសភា និងក្រុមប្រឹក្សាជាតិផងដែរ ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់។

