ប៉ាគីស្ថាន ៖ ក្រុមមន្ត្រីបាននិយាយថា ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) បានបើកច្រកព្រំដែនថ្មីចំនួនបីកន្លែង ដើម្បីពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិអាហ្វហ្គានីស្ថាន គ្មានឯកសារ ដែលត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេស ឬប្រឈមនឹងការបណ្តេញចេញ។
ប្រជាជនអាហ្វហ្គានីស្ថាន ជាច្រើនបានជ្រើសរើសត្រឡប់ទៅប្រទេសកំណើតវិញដោយស្ម័គ្រចិត្ត ដើម្បីជៀសវាងការនិរទេសក្រោមការជំរុញរបស់រដ្ឋាភិបាលសម្រាប់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ត្រូវបណ្តេញចេញ។
ចំណាត់ការរបស់ប៉ាគីស្ថាន ប៉ះពាល់ដល់ប្រជាជនអាហ្វហ្គានីស្ថានជាង ១លាននាក់ ដែលទីក្រុងអ៊ីស្លាម៉ាបាដ និយាយថាអ្នកទាំងនោះបានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ និងឧក្រិដ្ឋកម្ម ប៉ុន្តែទីក្រុងកាប៊ុល បានបដិសេធការអះអាងនោះ។
លោក Jan Achakzai រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រាប់រដ្ឋាភិបាលចាំផ្ទះថ្នាក់ខេត្តបាននិយាយថា ច្រកឆ្លងកាត់ថ្មីនោះ ត្រូវបានបង្កើតឡើងនៅព្រំដែនអាហ្វហ្គានីស្ថាន ក្នុងខេត្ត បាឡូជីស្ថាន (Balochistan) ភាគនិរតី បន្ថែមពីលើច្រកសំខាន់នៅក្នុងស្រុក ចាម៉ាន (Chaman)។
ការបណ្តេញជនភៀសខ្លួនអាហ្វហ្គានីស្ថានចេញពីប្រទេសនេះ បានជំរុញឲ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនេះ ធ្លាក់ដល់កម្រិតទាបថ្មីមួយ ដោយទីក្រុងអ៊ីស្លាម៉ាបាដ បានអះអាងជាថ្មីថា ពួកសកម្មប្រយុទ្ធអ៊ីស្លាម ប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថាន ដើម្បីធ្វើផែនការ និងធ្វើការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន ខណៈទីក្រុងកាប៊ុល និយាយថា សន្តិសុខរបស់ប៉ាគីស្ថាន គឺជាបញ្ហាក្នុងស្រុករបស់ពួកគេប៉ុណ្ណោះ៕

