វាយកូនបាល់៖ ទីបំផុតអ្នកការពារតំណែងជើងឯកព្រឹត្តិការណ៍វាយកូនបាល់ Grand Slam, French Open កីឡាការិនីប៉ូឡូញ Iga Swiatek បានធ្លាក់ចេញពីកម្មវិធីហើយ ក្រោយបរាជ័យក្រោមស្នាដៃកីឡាការិនីក្រិក Maria Sakkari។

កីឡាការិនីលំដាប់លេខ ១៧ Maria Sakkari បានបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យរបស់នាងក្នុងការយកឈ្នះ Iga Swiatek ដោយលទ្ធផល ៦-៤ និង ៦-៤។ ជ័យជំនះរបស់ Maria Sakkari ក៏បានបញ្ចប់ដំណើរមិនចាញ់សោះ ១១ប្រកួត និង ២២សិតជាប់គ្នារបស់ Iga Swiatek ឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Grand Slam លើកដំបូងក្នុងអាជីព។ ងាកទៅការប្រកួតវគ្គ ៨នាក់ចុងក្រោយ គូចុងក្រោយផ្នែកនារីកីឡាការិនីឆេក Barbora Krejcikova ក៏បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam លើកដំបូងផងដែរ ក្រោយជ័យជំនះលើកីឡាការិនីវ័យក្មេងអាមេរិក Coco Gauff។

កីឡាការិនីវ័យ ១៧ឆ្នាំអាមេរិក Coco Gauff បានភ្លាត់ពិន្ទុ Set Point ដល់ទៅ ៥ដងរហូតចាញ់សិតដំបូង ៦-៧(៦-៨) មុនពេលដែលកីឡាការិនីឆេក Krejcikova យកឈ្នះសិតទីពីរទៀត ៦-៣។ ការប្រកួតដែលចំណាយពេលដល់ ១ម៉ោង ៥០នាទីធ្វើអោយកីឡាការិនីលំដាប់លេខ ៣៣ ពិភពលោក Barbora Krejcikova ធានាបានកៅអីជុំបន្តជួបជាមួយកីឡាការិនីក្រិក Maria Sakkari។ មានន័យថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open ផ្នែកនារីនៅសល់ ៤នាក់នេះសុទ្ធតែជាការឈានមកដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងទាំងអស់៕
អត្ថបទ៖នាង សុភាវុធ