សូម៉ាលី ៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសកាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ សូម៉ាលី (Somali) ភាគខាងកើតប្រទេសអេត្យូពី បានធ្វើឲ្យប្រជាជនប្រហែល ១២.០០០គ្រួសារ ត្រូវជម្លៀសខ្លួន។
នៅក្នុងរបាយការណ៍ចក្ខុវិស័យប្រចាំរដូវនៅទ្វីបអាហ្រ្វិកខាងកើត ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា មនុស្សចំនួន ២០នាក់ មកទល់ពេលនេះត្រូវបានបញ្ជាក់ថាបានស្លាប់ដោយសារទឹកជំនន់ដ៏គំហុក ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង និងបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ផ្លាស់ទីលំនៅក្នុងតំបន់។
ទីភ្នាក់ងារ WFP ក៏បាននិយាយផងដែរថា ផ្លូវ និងស្ពានជាច្រើនបានរងការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតប្រទេសអេត្យូពី ដែលរារាំងដល់ការផ្តល់ជំនួយសង្គ្រោះ ក៏ដូចជាបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់បសុសត្វ និងដំណាំ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះបានបញ្ជាក់ថាមនុស្សចំនួន ៤០.០០០ នាក់ ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសអេត្យូពីកាលពីខែកញ្ញាឆ្នាំមុន ហើយនិងរំពឹងថាលក្ខខណ្ឌអាកាសធាតុនៅទូទាំងប្រទេសអេត្យូពី នឹងកាន់តែអាក្រក់ឡើង ដោយព្យាករណ៍ថាបញ្ហាទឹកជំនន់នឹងបន្តមួយរយៈទៀត៕

