លីប៉ង់ ៖ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្តីទីរបស់តាលីបង់ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងសប្តាហ៍នេះ ដោយពិភាក្សាអំពីពាណិជ្ជកម្ម និងរបៀបដែលពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលប៉ាគីស្ថានកំពុងបណ្តេញចេញនោះ អាចយកសាច់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងទៀតត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើង មិនដល់មួយសប្តាហ៍ បន្ទាប់ពីប៉ាគីស្ថាន បាននិយាយថា ចំណាត់ការរបស់ខ្លួនក្នុងការបណ្តេញជនជាតិអាហ្វហ្គានីស្ថានគ្មានឯកសាររាប់សែននាក់ គឺជាការឆ្លើយតបទៅនឹងការមិនចង់បានរបស់រដ្ឋបាលដឹកនាំដោយតាលីបង់ក្នុងសកម្មភាពប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលប្រើប្រាស់ អាហ្វហ្គានីស្ថាន ដើម្បីធ្វើការវាយប្រហារ នៅក្នុងប្រទេសប៉ាគីស្ថាន។
មន្ត្រីតាលីបង់ និយាយថា អំពើហិង្សា គឺជាបញ្ហាផ្ទៃក្នុងរបស់ប៉ាគីស្ថាន ហើយបានអំពាវនាវឲ្យទីក្រុងអ៊ីស្លាម៉ាបាដ បញ្ឈប់ការនិរទេសខ្លួនពលរដ្ឋអាហ្វហ្គានីស្ថាន។
ស្ថានទូតអាហ្វហ្គានីស្ថានប្រចាំទីក្រុងអ៊ីស្លាម៉ាបាដ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីជំនួបរបស់លោក Haji Nooruddin Azizi ជាមួយរដ្ឋមន្ត្រីការបរទេសចាំផ្ទះប៉ាគីស្ថាន លោក Jalil Abbas Jilaniថា៖«ពាណិជ្ជកម្មទ្វេភាគី ជាពិសេសទំនិញជាប់គាំងរបស់ពាណិជ្ជករ (អាហ្វហ្គានីស្ថាន) នៅកំពង់ផែការ៉ាជី ការផ្ទេរទ្រព្យសម្បត្តិជនភៀសខ្លួន (អាហ្វហ្គានីស្ថាន) ទៅកាន់ (ប្រទេសអាហ្វហ្គានីស្ថាន) និងបញ្ហាពាក់ព័ន្ធ ត្រូវបានពិភាក្សា»។
