សៀមរាប៖ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងរដ្ឋបាល ជលផល (FiA) ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប (EU) កំពុងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាប័ត្រវិទ្យាសាស្ត្រជលផលជាបន្តបន្ទាប់ជាមួយ សាកលវិទ្យាល័យចំនួន៤ ដើម្បីកែលម្អការអប់រំផ្នែកជលផលនៅកម្ពុជា។ សាកលវិទ្យាល័យទាំង ៤ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និង សាកលវិទ្យាល័យក្រចេះ។
ក្រៅពីការពង្រឹងសមត្ថភាពស្ថាប័នលើការអប់រំផ្នែកជលផល កម្មវិធីនេះក៏នឹងធានាបានថានិស្សិតដែលសិក្សានៅ សាកលវិទ្យាល័យត្រូវទទួលបានចំណេះដឹង ជំនាញ ក៏ដូចជាសមត្ថភាពដែលសមស្របបំផុតទៅនឹងតម្រូវការទីផ្សារ ការងារនាពេលបច្ចុប្បន្ន។
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង ជលផលក្នុងប្រទេស ដោយបង្កើតឱ្យមានជំនាញវិជ្ជាជីវៈសម្រាប់យុវវ័យដែលអាចដោះស្រាយបញ្ហាប្រឈមនានាក្នុង វិស័យជលផល។ សិក្ខាសាលាទាំងនេះ កំពុងតែប្រព្រឹត្តទៅនៅខេត្តសៀមរាបចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
“យើងកំពុងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់មហាវិទ្យាល័យដែលបង្រៀនផ្នែកវិទ្យាសាស្ត្រជលផល ដើម្បីជួយ ពិនិត្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាផ្នែកជលផល ដោយដាក់បញ្ចូលចំណេះដឹង និងបច្ចេកវិទ្យាបច្ចុប្បន្ន ព្រមទាំង សម្របខ្លួនទៅនឹងទីផ្សារការងារក្នុងស្រុក តំបន់ និងអន្តរជាតិដែលកំពុងរីកចម្រើនក្នុងវិស័យជលផល” លោក Eric Baran អ្នកជំនាញស្រាវជ្រាវជលផលអន្តរជាតិនៃអង្គការ FAO កម្ពុជា។
ឯកឧត្តម ហែម វីរៈ នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បានស្វាគមន៍ចំពោះការគាំទ្រដ៏ពិសេសនេះ លើការក លម្អ និងអភិវឌ្ឍន៍កម្មវិធីសិក្សា តាមរយៈការសម្របសម្រួលពិគ្រោះយោបល់ជាមួយសាស្ត្រាចារ្យមកពី សាកលវិទ្យាល័យផ្សេងៗ។ ឯកឧត្តមថ្លែងថា ដូចគ្នានេះដែរ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យ វិទ្យាសាស្ត្រព្រៃឈើ ជលផល និងបរិស្ថាននៃវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ក៏បានស្វាគមន៍ចំពោះការគាំទ្រផងដែរ។
អ្នកស្រី ផេន សុវត្ថិឌី មានប្រសាសន៍ថា «វាជាលើកទីមួយហើយ ដែលកម្មវិធីសិក្សាផ្នែកជលផលត្រូវបានរៀបចំដោយមានការសម្របសម្រួលរវាងសាកលវិទ្យាល័យទាំងបួន»។
ក្នុងអំឡុងពេលសិក្ខាសាលា ព្រឹទ្ធបុរស សាស្ត្រាចារ្យ អ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ៗបានធ្វើការវាយតម្លៃលម្អិតអំពី លទ្ធផលរំពឹងទុកនៃមេរៀនសិក្សាសម្រាប់មុខវិជ្ជាជលផល ដើម្បីធ្វើឱ្យកាន់តែពាក់ព័ន្ធទៅនឹងតម្រូវការនៃវិស័យនេះ និង តម្រូវការរបស់ឧស្សាហកម្ម។ សាស្ត្រាចារ្យ និងបុគ្គលិកគ្រប់គ្រងសាកលវិទ្យាល័យក៏មានឱកាសផ្ដល់មតិកែលម្អ និង ចែករំលែកបទពិសោធជាក់ស្តែងលើកម្មវិធីសិក្សា និងមេរៀនដែលមានស្រាប់។
សិក្ខាសាលាផ្តួចផ្តើមដំបូងនេះរៀបចំឡើងនៅខេត្តសៀមរាបដែលមានការចូលរួមពីតំណាង មកពីស្ថាប័ន រាជរដ្ឋាភិបាលនិងសាកលវិទ្យាល័យចំនួនបួនចំនួន៣០នាក់។ សរុបមក សិក្ខាសាលានេះមានគោលដៅចូលរួមពីភាគី ពាក់ព័ន្ធចំនួន៦០នាក់ ។ បន្ទាប់ពីការពិគ្រោះយោបល់ទាំងនេះ កម្មវិធីសិក្សា និងមេរៀនសិក្សាពាក់ព័ន្ធនឹងត្រូវបានក សម្រួល និងបញ្ចប់ មុនពេលដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បី អនុម័ត និងក្លាយជាបទដ្ឋានសម្រាប់ឆ្នាំខាងមុខ៕ ដោយ ៖ ដារា





