ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang )រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងកិច្ចជំនួបជាមួយគ្នាកាលពីម្សិលមិញ បានសន្យាបន្តរួមគ្នាថែរក្សា និងទប់ស្កាត់រាល់បទល្មើសនានានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីផល ប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។
យោងតាមលទ្ធផលនៃកិច្ចជំនួប ដែលទូរទស្សន៍BTVទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ប្រមុខការពារជាតិនៃព្រទេសទាំងពីរ បានឯកភាពក្នុងការបន្តផ្លាស់ប្តូរគណ:ប្រតិភូគ្នាទៅវិញទៅមក គ្រប់កំរិត និងការផ្លាស់ប្តូរវិស័យអប់រំបណ្តុះបណ្តាលសិក្ខាកាម ដើម្បីលើកកម្ពស់ធនធានមនុស្សកងទ័ពសមត្ថភាពកងទ័ពប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ «ព្រមទាំងពង្រឹកកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆ្លងដែនខុសច្បាប់ ទប់ស្កាត់បទល្មើសគ្រឿងញៀន ដើម្បីរក្សាអោយបានល្អប្រសើរនូវសន្តិសុខ សុវត្ថិភាព សម្រាប់ប្រជាជនប្រទេសទាំងពីរ ប្រកបមុខរបរចិញ្ចឹមជីវិត និងរស់នៅក្នុងភាពសុខសាន្តជាដើម» ។
នៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរ ក៏បាន ជំរាបជូនគ្នាទៅវិញទៅមកផងដែរ អំពីសភាពការណ៍វិវត្តន៍នៅក្នុងប្រទេសនីមួយៗទាំងសភាពការណ៍ជាតិ និងអន្តរជាតិ ទាក់ទងទៅនឹងសន្តិសុខក្នុងតំបន់ និងសាកលលោកដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរកម្ពុជា វៀតណាម ក៏បានវាយតំលៃខ្ពស់ចំពោះការអនុវត្ត នូវកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ កងទ័ពទាំងពីរ ក្នុងរយៈពេលកន្លងមក ដែលបាននាំមកនូវផលប្រយោជន៍ដល់កងទ័ពទាំងពីរ ព្រមទាំងបានជំរុញការបន្តកិច្ចសហប្រតិបត្តិការគ្នាឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ដោយ ៖ បាន ចក់










