ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន បានសម្ដែងនូវក្ដីរំពឹងថា តាមរយៈយុទ្ធនាការចាក់ វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ នឹងជួយកាត់បន្ថយអត្រាចម្លងឱ្យនៅកម្រិតទាប ដូច្នេះនាពេលខាងមុខ កម្ពុជា នឹងមានការថមថយនៃជំងឺនេះ។
លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្រប ខណ្ឌទូទាំងប្រទេស តំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសែហ្វប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃនេះ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពសំរោង ដែលមានទីតាំងស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកជំទាវ បានលើកឡើងថា តាមរយៈការខិតខំខ្នះខ្នែងរបស់ប្រមុខរាជរដ្ឋាភិបាល បានរិះរក គ្រប់មធ្យោបាយ ទាំងការស្នើសុំរកជំនួយ ក៏ដូចជា ការបញ្ជាទិញវ៉ាក់សាំង ដើម្បីផ្តល់ជូនបងប្អូនប្រជាពល រដ្ឋដោយឥតគិតថ្លៃ ស្របតាមគោលដៅ១០លាននាក់ ។
យោងតាមរបាយការណ៍របស់អនុគណៈកម្មការតាមដាន និងវាយតម្លៃ នៃគណៈកម្មករចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ក្របខណ្ឌទូទាំងប្រទេស បានបង្ហាញអោយដឹងថា ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ទាំងក្របខណ្ឌក្រសួងសុខាភិបាល និង ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានចំនួនជាង២លាន៨សែននាក់ ស្មើហ្នឹងប្រមាណជាង២៧ភាគរយ បើធៀបនឹងគោលដៅ១០ លាននាក់៕
អត្ថបទ៖ ជៀប សម្បត្តិ