
របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយនានា បានបង្ហាញថា វរសេនីយ៍ឯកម្នាក់ដែលបម្រើការនៅក្នុងកងកម្លាំងប្រតិបត្តិការពិសេសរបស់ប្រទេសអ៊ុយក្រែន បានមានចំណែកយ៉ាងសំខាន់ ក្នុងហេតុការណ៍វាយប្រហារលើបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream កាលពីឆ្នាំមុន។
ការផ្ទុះនៃបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 កាលពីខែកញ្ញាឆ្នាំមុន បណ្តាលលេចធ្លាយឧស្ម័នយ៉ាងច្រើន។ ដោយដំណើរការនៅក្រោមសមុទ្របាល់ទិក បំពង់បង្ហូរនេះ តភ្ជាប់ប្រទេសរុស្ស៊ី និងអាល្លឺម៉ង់។
យ៉ាងណាក្ដី ពាក់ព័ន្ធនឹងហេតុការណ៍នោះ សារព័ត៌មាន Washington Post បានរាយការណ៍ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា វរសេនីយ៍ឯក គឺជា «អ្នកសម្របសម្រួល« ដល់ប្រតិបត្តិការសម្ងាត់នេះ។ សារព័ត៌មាននេះ បានលើកឡើងដោយស្រង់សម្ដីពីមន្ត្រីក្នុងប្រទេសអ៊ុយក្រែន និងអឺរ៉ុប ព្រមទាំងអ្នកដទៃទៀត ដែលដឹងអំពីព័ត៌មានលម្អិត។
សេចក្ដីរាយការណ៍បានឲ្យដឹងបន្ថែមថា លោកវរសេនីយ៍ឯកនោះ បានគ្រប់គ្រងខាងភស្តុភារ និងជួយគាំទ្រដល់ក្រុមមនុស្សចំនួន ៦នាក់ ដែលស្ថិតនៅក្រោមចោទប្រកាន់ពីបទបំផ្ទុះ ចំពោះបំពង់បង្ហូរឧស្ម័ននេះ។ បច្ចុប្បន្ន វរសេនីយ៍ឯករូបនេះ កំពុងស្ថិតក្រោមការឃុំខ្លួន ក្នុងករណីមិនពាក់ព័ន្ធ។ លោកបានប្រាប់តាមរយៈមេធាវីរបស់ខ្លួនថា លោកមិនបានមានចំណែកពាក់ព័ន្ធណាមួយក្នុងការផ្ទុះបំពង់បង្ហូរនេះទេ។
កាលពីថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា «តម្រុយ ដែលអ៊ុយក្រែន មានចំណែកក្នុងការបំផ្លិចបំផ្លាញនេះ» កំពុងលេចកាន់តែខ្លាំងឡើង នៅក្នុងការស៊ើបអង្កេត និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ លោក Peskov បាននិយាយថា រុស្ស៊ីកំពុងតាមមើលដោយប្រុងប្រយ័ត្ន៕