
គ្រឿងចក្រជីកដី បានចាប់ផ្តើមជីកដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅថ្ងៃអង្គារនេះ ដើម្បីរៀបចំបំពង់ដែកធំ ដែលនឹងជួយទាញយកកម្មករជនជាតិឥណ្ឌាជិត៤០នាក់ជាប់នៅក្នុងផ្លូវក្រោមដីបាក់ស្រុត នៅប្រទេសឥណ្ឌាភាគខាងជើង។
ផ្លូវក្រោមដីមានចម្ងាយ៤,៥ គីឡូម៉ែត្រ កំពុងត្រូវបានសាងសង់នៅផ្លូវហាយវ៉េជាតិ ជាផ្នែកមួយនៃផ្លូវធម្មយាត្រាសាសនាហិណ្ឌូដ៏មានប្រជាប្រីយ៍ភាព បានបាក់ស្រុតនៅរដ្ឋ Uttarakhand ។
គ្រឿងចក្រជីកដី បានជីកយកចេញកម្ទេចកម្ទីរយៈពេល២ថ្ងៃ ដើម្បីត្រាយផ្លូវបានចូលទៅដល់កម្មករ និងកំពុងរង់ចាំការដឹកជញ្ចូនបំពង់ដែកធំ ដែលនឹងត្រូវបានរុញចូលជីកកាយ ដើម្បីទាញយកចេញកម្មរដោយសុវត្ថិភាព។
ការសែត Indian Express បានរាយការណ៍ដោយដកស្រង់សម្តីកម្មករសំណង់ម្នាក់ ដែលបានចេញមកក្រៅដោយសុវត្ថិភាពថា មានកម្មករប្រមាណ ៥០ទៅ៦០នាក់ នៅខាងក្នុងផ្លូវក្រោមដី ហើយប្រមាណ១០ ឬ២០នាក់ ក្នុងចំណោមពួកគេបានចេញមកក្រៅ បន្ទាប់ពីផ្លាស់ប្តូរវេណធ្វើការដែលបានបញ្ចប់ ខណៈពួកគេខិតជិតដល់ច្រកចេញ ហើយអ្នកនៅសល់បានជាប់នៅក្នុងនោះបន្ទាប់ពីផ្លូវក្រោមដីបាក់ស្រុត។