
យោងតាមមន្ត្រីសន្តិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់ បានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ទំនងជាមិនមានលទ្ធភាព ដើម្បីក្រសោបយកកោះតៃវ៉ាន់ ដោយជោគជ័យនៅឆ្នាំ២០២៧ នោះទេ ដោយបង្ហាញពីមន្ទិលសង្ស័យលើវឌ្ឍនភាពនៃផែនការទំនើបកម្មយោធារបស់ទីក្រុងប៉េកាំង។
ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងតៃប៉ិ កាលពីថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) លោក Wellington Koo ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះនេះ បាននិយាយថា កោះតៃវ៉ាន់នឹងបន្តពន្យារការកំណត់ពេលវេលាលុកលុយរបស់កងទ័ពរំដោះប្រជាជន (PLA) ដោយការពង្រឹងសមត្ថភាពការពាររបស់ខ្លួន។
លោក Koo បាននិយាយអំពីការលុកលុយរបស់ចិនថា៖ «ខ្ញុំមិនគិតថា ការលុកលុយនោះនឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខ ឬយ៉ាងហោចណាស់ក្នុងរយៈពេល ១ឆ្នាំទៅ ២ឆ្នាំនោះទេ។ ប្រសិនបើចិនត្រូវអនុវត្តប្រតិបត្តិការបែបនោះ ដើម្បីក្រសោបយកកោះតៃវ៉ាន់ ខ្ញុំមិនគិតថា ចិននឹងមានសមត្ថភាពបែបនេះ នៅត្រឹមឆ្នាំ២០២៧ នោះឡើយ»។
សូមបញ្ជាក់ថា លោក ស៊ី កំពុងស្វែងរកការកសាងនូវ «កម្លាំងយោធាលំដាប់ពិភពលោក» នៅឆ្នាំ២០២៧ ជាថ្ងៃកំណត់ ដែលត្រូវនឹងខួបលើកទី ១០០ឆ្នាំ របស់ PLA ។ លោក Mark Milley ដែលជាអតីតប្រធានអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន បាននិយាយថា យោធារបស់ទីក្រុងប៉េកាំងនឹងមិនអាចត្រៀមខ្លួនរួចជាស្រេច ដើម្បីលុកលុយកោះតៃវ៉ាន់ សម្រាប់ «រយៈពេលបន្តិចបន្តួច» នោះទេ។ ហើយអ្នកស្នងតំណែងរបស់លោក គឺលោក Charles Q. Brown Jr. បាននិយាយកាលពីសប្តាហ៍មុនថា លោកកំពុងកំពុងសង្ស័យថា តើទីក្រុងប៉េកាំង នឹងព្យាយាមក្រសោបយកកោះតៃវ៉ាន់ ដោយកម្លាំងយោធា ឬយ៉ាងណា៕