
ប្រជាជនឥណ្ឌារាប់លាននាក់ បានប្រារព្ធពិធីបុណ្យ Diwali កាលពីថ្ងៃអាទិត្យ (ទី១២ ខែវិច្ឆិកា) ដោយការគ្រងកំណត់ត្រាពិភពលោក Guinness World ជាមួយនឹងចំនួននៃការដុតចង្កៀងប្រេងកាតធ្វើពីដីភ្លឺយ៉ាងចិញ្ចាច តែការព្រួយបារម្ភអំពីការបង្កកង្វក់ដល់ខ្យល់បរិយាកាស បានមានកាន់តែខ្លាំងឡើងក្នុងប្រទេសនៅអាស៊ីខាងត្បូងមួយនេះ។
នៅទូទាំងប្រទេស ពន្លឺចម្រុះពណ៌ភ្លឺចែងចាំង នៅតាមលំនៅឋាន និងតាមដងផ្លូវ ខណៈដែលអ្នកគោរពសាសនាយ៉ាងស្មោះស្ម័គ្រ បានប្រារព្ធពិធីបុណ្យពន្លឺប្រចាំឆ្នាំរបស់សាសនាហិណ្ឌូ ដែលជានិមិត្តរូបនៃជ័យជម្នះរបស់ពន្លឺភ្លឺស្វាងលើភាពងងឹត។
នៅព្រលប់ថ្ងៃសៅរ៍ អ្នកគោរពបូជាសាសនាដ៏ស្មោះស្ម័គ្រ បានអុជចង្កៀងជាង ២,២២លានចង្កៀង ហើយថែចង្កៀងទាំងនោះឲ្យឆេះរហូតរយៈពេល ៤៥នាទី ខណៈដែលបទចំរៀងសាសនាហិណ្ឌូ បានលាន់ឮកងរំពងពេញមាត់ច្រាំងទន្លេ ដោយបង្កើតបានជាកំណត់ត្រាពិភពលោកថ្មីមួយ។ កាលពីឆ្នាំមុន ចង្កៀងធ្វើពីដីនេះជាង ១,៥លានចង្កៀង ត្រូវបានអុជបំភ្លឺ។
យ៉ាងណាក្ដី អមជាមួយនឹងភាពរីករាយនេះ ពិធីបុណ្យនេះក៏ត្រូវបានប្រារព្ធឡើងជាមួយនឹងការមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីគុណភាពខ្យល់ នៅប្រទេសឥណ្ឌាផងដែរ។ កម្រិត «គ្រោះថ្នាក់» ចន្លោះ ៤០០-៥០០ ត្រូវបានកត់ត្រានៅលើសន្ទស្សន៍គុណភាពខ្យល់ កាលពីសប្តាហ៍មុន ពោលគឺច្រើនជាង ១០ដងនៃកម្រិតសុវត្ថិភាពសកល ដែលអាចបណ្តាលឲ្យមានជំងឺរលាកទងសួតស្រួចស្រាល់ និងរ៉ាំរ៉ៃ ហើយនិងប៉ះពាល់ដល់អ្នកមានជំងឺហឺត។
កម្រិតបង្កកខ្វក់បរិយាកាសត្រូវបានគេរំពឹងថា នឹងកើនឡើងម្តងទៀត បន្ទាប់ពីការប្រារព្ធពិធីបុណ្យនេះ បានបញ្ចប់កាលពីយប់ថ្ងៃអាទិត្យ ដោយសារតែការដុតកាំជ្រួចភ្ញី។ កាលពីសប្ដាហ៍មុន មន្ត្រីនៅទីក្រុងញូវដេលី បានបិទសាលារៀន និងហាមប្រាមយានយន្ត ដែលបំពុលបរិស្ថាន និងការងារសំណង់ ក្នុងគោលបំណងកាត់បន្ថយផ្សែង និងអ័ព្ទដ៏អាក្រក់បំផុតនៃរដូវកាលនេះ៕