
ក្រសួងសុខាភិបាលប៉ាឡេស្ទីន និងប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បាននិយាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៦នាក់ ត្រូវបានសម្លាប់នៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងតំបន់វេស បែង ដែលកាន់កាប់ដោយកងទ័ពអ៊ីស្រាអែល ។
ទីភ្នាក់ងារព័ត៌មានផ្លូវការប៉ាឡេស្ទីនWAFA ដែលយោងតាមមន្ទីរពេទ្យក្រុងទួលការ៉ាំ (Tulkarm) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល ។
ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន២នាក់ នៅក្នុងការប៉ះទង្គិចគ្នានៅពេលមុននេះ ក្នុងជំរំជនភៀសខ្លួនក្នុងទីក្រុង។
អំពើហឹង្សាដ៏អាក្រក់នេះ បានកើតឡើងបន្ទាប់ពីការបង្ហូរឈាមរយៈពេលជាង១៨ខែដែលបានរុញឲ្យមានការព្រួយបារម្ភថាតំបន់វេស បែង អាចនឹងផ្ទុះឡើងនូវជម្លោះកាន់តែធំជាងមុន ហើយនឹងក្លាយជាសមរភូមិថ្មីមួយនៅក្នុងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសនោះ៕