ភ្នំពេញ ៖ ប្រជាពលរដ្ឋទូទៅ ចាស់ជរា យុវជន រស់នៅខណ្ឌជ្រោយចង្វារ ថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានខិតខំយ៉ាងសស្រាក់សស្រាំ និងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។
ការលើកឡើងយ៉ាងដូច្នេះរបស់ ប្រជាពលរដ្ឋចាស់ជរា យុវជន នាឱកាសដែលលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយលោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក(WHO) ប្រចាំនៅកម្ពុជា និងលោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ (UNICEF)ប្រចាំនៅកម្ពុជា បានអញ្ជើញចុះពិនិត្យការងារក្នុងថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សាំងក្នុងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។
ប្រជាពលរដ្ឋចាស់ជរា និងយុវជន មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលចាក់វ៉ាក់សាំង វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ បានលើកឡើងស្រដៀងគ្នាទៀតថា ពួកគាត់បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក ដូសទី១ តាមការកំណត់ ដើម្បីការពារសុខភាព និងកុំឲ្យឆ្លងជំងឺកូវីដ-១៩ ក៏សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានខិតខំយ៉ាងសស្រាក់សស្រាំ ផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគាត់ និងប្រជាពលរដ្ឋទាំងអស់ ដើម្បីប្រឆាំងមេរោគកូវីដ-១៩។
ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ពិន ពន្លាក់ អនុប្រធានដឹកនាំរួមរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នៅមណ្ឌលចាក់វ៉ាក់សាំង វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ បានឲ្យដឹងថា នេះជាថ្ងៃដំបូង នៃយុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ដូសទី១ និងដូសទី២ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ សម្រាប់មណ្ឌលនេះ មានសមាជិកប្រចាំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានចំនួន០២ក្រុម ដោយក្នុង១ក្រុម មានសមាជិកចំនួន១០នាក់ សរុប២០នាក់។ ដោយឡែកសម្រាប់ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារទាំងមូល មានទីតាំងចំនួន៥ សម្រាប់ទទួលរងចាំការអញ្ជើញរបស់មន្រី្តរាជការ និងប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា បើទោះបីបងប្អូនប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងកូវីដ-១៩ហើយកី្ត និងមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ហើយកី្ត គឺវិធានការ៣កុំ ៣ការពារ និង២ចូលរួម ជាវិធីសាស្ត្រមួយដ៏សំខាន់ ដែលបុគ្គលគ្រប់រូបអាចធ្វើបានគ្រប់គ្នា ដែលជាវិធីសាស្ត្រ កំពុងប្រើប្រាស់នៅទូទាំងសកលលោក អាចទប់ស្កាត់ ការពារ ការចម្លងមេរោគកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព៕
អត្ថបទ រដ្ឋា