ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ភីអ៊ិលស៊ី ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ដោយផ្តល់កម្ចីដែលអាចប្រើប្រាស់បានជាមួយនឹងអត្រាការប្រាក់ទាប។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីចុះហត្ថលេខានេះ បានមានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជំរុញឲ្យវិស័យកសិកម្មកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលត្រូវការច្រើន និងការពង្រីកទីផ្សារសម្រាប់កសិករ និងអាជីវកម្មកសិកម្មនៅទូទាំងប្រទេសកម្ពុជា។
តាមការឲ្យដឹងរបស់ឯកឧត្តមរដ្ឋមន្រ្តី អត្រាការប្រាក់ទាបដែលធនាគារ វីង នឹងត្រូវផ្តល់ជូន គឺក្នុងរង្វង់ពី ៧ ទៅ ៨%ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតចូលរួមសហការជាមួយក្រសួង ដើម្បីជួយដោះស្រាយបញ្ហាហិរញ្ញប្បទានឥតឈប់ឈរនៅក្នុងសង្វាក់ផលិតកម្មកសិកម្ម និងពង្រឹងសមត្ថភាពហិរញ្ញវត្ថុរបស់អាជីវកម្មកសិករ ដែលអាចឱ្យពួកគេបង្កើនផលិតកម្មកសិកម្ម និងបំពេញតម្រូវការកាន់តែកើនឡើង។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង បានបញ្ជាក់ឲ្យដឹងថា ម្រោងហិរញ្ញប្បទានពិសេសនេះ ធ្វើឡើង គឺស្របតាមអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបដល់កសិករ និងដើម្បីជំរុញការងារវិស័យកសិកម្មឲ្យកាន់តែអភិវឌ្ឍន៍ទៅមុខបន្តទៀត និងដើម្បីគំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុកសម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល។
លោក ឃុន សាឯម ប្រធានសហគមន៍កសិកម្មបាភ្នំ ស្ថិតនៅខេត្តព្រៃវែង បានសម្តែងការអរគុណចំពោះក្រសួងកសិកម្ម ដែលបានទំនាក់ទំនងជាមួយវិស័យឯកជនក្នុងការចុះអនុស្សរណៈនេះ ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាកសិករ ខណៈដែលការទទួលបានឥណទានពីស្ថាប័នផ្សេងៗកន្លងមក គឺមានអត្រាការប្រាក់ខ្ពស់ ចន្លោះពី ០,៩០ ទៅ០,៩៥% ក្នុងមួយឆ្នាំៗ៕ ដោយ ៖ បូរ៉ាវី









