អុីស្រាអែល ៖ ជនជាតិជ្វីហ្វដើមកំណើតអេត្យូពី បានប្រារព្ធពិធីបុណ្យ Sigd នៅទីក្រុង Tel Aviv កាលពីថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) ដោយបង្ហាញពីបណងប្រាថ្នារបស់សហគមន៍ ដែលចង់វិលត្រឡប់ទៅកាន់ដែនដីអ៊ីស្រាអែលវិញ និងដែលចង់បញ្ជាក់ឡើងវិញនូវទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះជាម្ចាស់ ដើម្បីជាការគាំទ្រជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃចំណាប់ថ្នូរ នៅហ្កាហ្សា។ ពិធីបុណ្យ Sidg ត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៥០ថ្ងៃ បន្ទាប់ពីថ្ងៃបុណ្យលាងបាបរបស់ជនជ្វីហ្វ។
តាមធម្មតា សហគមន៍ជនជាតិជ្វីហ្វដើមកំណើតអេត្យូពី ស្លៀកពាក់ពណ៌ស និងកាន់ឆ័ត្រ ដែលតុបតែងសម្រាប់ពិធីនេះ ព្រមទាំងធ្វើការអធិដ្ឋានជាសាធារណៈ នៅឯកន្លែងដើរលំហែដែលអាចមើលឃើញក្រុងបុរាណរបស់ទីក្រុងហ្សេរុយសាឡិម ប៉ុន្តែនៅពេលនេះពួកគេបានសម្រេចចិត្តចូលរួមពិធីបុណ្យប្រពៃណីរបស់ពួកគេជាមួយជនជាតិអ៊ីស្រាអែលផ្សេងទៀត នៅទីក្រុង Tel Aviv ជាកន្លែងដែលគ្រួសារចំណាប់ថ្នូរបានទៅជួបជុំគ្នា ដើម្បីតវ៉ាទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរជាង ២០០នាក់ ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា។
ប្រទេសអ៊ីស្រាអែលបាននិយាយថា ពួកសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារសហគមន៍អ៊ីស្រាអែល នៅជិតព្រំដែនហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូរជាង ២០០នាក់។ ហើយបើយោងតាមអាជ្ញាធរប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហារនោះ បានបង្កឲ្យមានសកម្មភាពវាយបកសងសឹកពីកម្លាំងយោធារបស់អ៊ីស្រាអែល ដែលបានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ ១១.០០០នាក់ នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ៕

