អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានចាប់ផ្ដើមដំណើរទៅកាន់បរទេសជាផ្លូវការលើកដំបូង ដោយព្រមានរុស្ស៊ីថា ប្រទេសនេះនឹងជួបបញ្ហាធ្ងន់ធ្ងរ និងជូរចត់បំផុត ប្រសិនបើខ្លួនធ្វើសកម្មភាពដ៏គ្រោះថ្នាក់ណាមួយ។

លោក Biden បានបញ្ជាក់ច្បាស់ពីចេតនារបស់លោក ក្នុងការរឹតចំណងទាក់ទងជាមួយប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្រោយទំនាក់ទំនងប្រេះស្រាំក្រោមរដ្ឋបាលលោក Trump។ គួរឲ្យដឹងថា លោកប្រធានាធិបតី Joe Biden បានទៅដល់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធ។ នៅថ្ងៃបញ្ចប់ដំណើរការងាររបស់លោក លោក Biden គ្រោងនឹងជួបជាមួយលោកប្រធានាធិបតី Vladimir Putin នៅក្នុងទីក្រុងហ្សឺណែវ។
ទំនាក់ទំនងរវាងទីក្រុង Washington និងទីក្រុង Moscow ធ្លាក់ចុះទាបបំផុតជុំវិញបញ្ហាចម្រូងចម្រាសផ្សេងៗជាច្រើន។ កាលពីខែមេសា លោកប្រធានាធិបតី Putin បានចោទប្រកាន់ប្រទេសមហាអំណាចលោកខាងលិច ពីបទព្យាយាមវាយប្រហារលើរុស្ស៊ី និងបានព្រមានប្រទេសទាំងនោះកុំឲ្យឆ្លងដែនបន្ទាត់ក្រហម៕
អត្ថបទ៖ សុខមាន