
បណ្ដាសមាជិកក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារការពារជាតិអឺរ៉ុប បានជួបប្រជុំគ្នា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃអង្គារ (ទី១៤ ខែវិច្ឆិកា) នេះ ខណៈដែលវាចាប់ផ្ដើមមានភាពច្បាស់ថា សហភាពអឺរ៉ុប ឬEU នឹងមិនអាចសម្រេចគោលដៅរបស់ខ្លួន ក្នុងការផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ និងមីស៊ីលចំនួន ១លានគ្រាប់ នៅខែមីនាខាងមុខនេះ។
ក្នុងពេលដែលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius គឺជារដ្ឋមន្ត្រីជាន់ខ្ពស់អឺរ៉ុបដំបូងគេ ដែលទទួលស្គាល់ជាសាធារណៈថា គោលដៅនឹងមិនអាចសម្រេចបាននោះទេ បើទោះបីជាបណ្ដាអ្នកការទូត និងមន្ត្រីនានា បានសម្តែងការសង្ស័យអំពីការសម្រេចគោលដៅ ក្នុងលក្ខណៈផ្ទាល់ខ្លួនអស់រយៈពេលជាច្រើនខែមកហើយក៏ដោយ។
គោលដៅត្រូវបានកំណត់ឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ និងជាបន្តរបស់អ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ដែលបានក្លាយជាធាតុសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ខណៈដែលជម្លោះបានធ្លាក់ចូលទៅក្នុងសង្រ្គាមដ៏ខ្លាំងក្លាមួយនៃការបំផ្លិចបំផ្លាញគ្នាទៅវិញទៅមក៕