
ផ្សែងអ័ព្ទពុលបានបន្តអណ្ដែតត្រសែតត្រាំត្រែង ក្នុងទីក្រុងនានារបស់ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ (ទី១៤ ខែវិច្ឆិកា) នេះ រហូតអ្នកដើរនាពេលព្រឹកក្នុងរដ្ឋធានីញូវដេលីបានត្អូញត្អែរពីអាការថប់ដង្ហើម ខណៈដែលទិដ្ឋភាពស្រដៀងគ្នានេះ ត្រូវបានឃើញនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ គឺទីក្រុងបុមបៃ។
អាជ្ញាធរនៅទីក្រុងញូវដេលី បានដាក់ពង្រាយកាំភ្លើងប្រឆាំងផ្សែងអ័ព្ទចំនួន ៧០ដើម និងបានបាញ់ទឹកពាសពេញទីក្រុង ក្នុងកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយកាត់បន្ថយធូលីដីខ្លះៗ។
ទីក្រុងញូវដេលីត្រូវបានចាត់ថ្នាក់ដោយក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ប្រទេសស្វីសថា ជាទីក្រុងដែលមានការបង្កកខ្វក់ខ្លាំងបំផុតរបស់ពិភពលោកគិតត្រឹម ម៉ោង ៨:៣០ ម៉ោងសកល។ រដ្ឋធានីឥណ្ឌាមួយនេះ មានសន្ទស្សន៍គុណភាពខ្យល់ (AQI) ចំនួន ២៦៥ ដោយត្រូវបានដាក់នៅក្នុងប្រភេទខ្យល់ ដែល «មិនល្អខ្លាំង»។
គុណភាពខ្យល់នៅភាគខាងជើងប្រទេសឥណ្ឌា មានសភាពកាន់តែយ៉ាប់យ៉ឺនទៅៗជារៀងរាល់ឆ្នាំ មុនរដូវរងា នៅពេលដែលខ្យល់ត្រជាក់ចាប់ផ្ដើមមានការបង្កកខ្វក់ពីយានយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតកាកសំណល់កសិកម្ម៕