ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៩ខែមិថុនា ម្សិលមិញនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសវនាការជាមួយលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពប្រទេសហ្វីលីពីនថ្មី ប្រចាំនៅកម្ពុជា ។ ភាគីទាំងពីរបានដោះដូរយោបល់គ្នា អំពីស្ថានការណ៍ទេសចរណ៍ដ៏លំបាកក្នុងអំឡុងកូវីដ-១៩ និង កិច្ចសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍ ក្នុងតំបន់អាស៊ាន។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានជម្រាបជំទាវអគ្គរដ្ឋទូតហ្វីលីពីនថ្មីថា វិស័យទេសចរណ៍ក្នុងអំឡុងរងការផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ចុងក្រោយនេះ ក្រសួងទេសចរណ៍ កំពុងសហការជាមួយក្រសួងសុខាភិបាល គិតគូររៀបចំបើកទេសចរណ៍ឡើងវិញ នៅពេលស្ថានការណ៍កូវីដ-១៩ អនុញ្ញាត។
នៅក្រោយជំនួបនេះ ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ក៏បានថ្លែងថា ជាការគិតគូរបើកវិស័យទេសចរណ៍ឡើងវិញនេះ ស្របតាមផែនទីចង្អុលផ្លូវស្ដីពីការលើកស្ទួយ និងស្ដារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័ត នោះជំហ៊ានទី១ ជំរុញបើកដំណើរការទេសចរណ៍ក្នុងស្រុកឡើងវិញ ស្របតាមស្ថានការណ៍កូវីដ-១៩ និងជំហ៊ានទី២ ពិភាក្សាជាមួយក្រសួងសុខាភិបាល បើកទទួលយកទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ ពីប្រទេសដែលមានហានិភ័យទាមនៃការចម្លងកូវីដ-១៩ មកកម្សាន្តតំបន់គោលដៅទេសចរណ៍កម្ពុជា ដែលមានសុវត្ថិភាព។
ទោះយ៉ាងណាក៏ដោយ ឯកឧត្តម ទ្រី ឈីវ បន្តថា ការទទួលយកភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងមកទស្សនាកម្ពុជានោះ គឺអាស្រ័យលើស្ថានការណ៍កូវីដ-១៩។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ឯកឧត្ដម ថោង ខុន ក៏បានជម្រាបជូនលោកជំទាវអគ្គរដ្ឋទូតផងដែរថា ៖ តាមរយៈកិច្ចប្រជុំទេសចរណ៍អាស៊ានតាមប្រព័ន្ធ Video Conference នានាដែលកម្ពុជា បានធ្វើប្រធាននៃកិច្ចប្រជុំកន្លងមក គឺរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏បានគាំទ្រការបើកទទួលទេសចរចាក់វ៉ាក់សាំងមកទស្សនាក្នុងតំបន់ផងដែរ។
លោកជំទាវ Maria Amelita C. Aquino ក៏បានគាំទ្រកម្ពុជា លើគំនិតផ្ដួចផ្ដើមបើកវិស័យទេសចរណ៍ឡើងវិញ ដោយមានផែនទី ចង្អុលផ្លូវច្បាស់លាស់។ លោកជំទាវ ក៏បានគាំទ្រគំនិត និងការគិតគូរ របស់កម្ពុជា ក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ និងបន្តការគាំទ្រគ្នាទៅវិញទៅលើការជំរុញ ចលនាភ្ញៀវទេសចរចាក់វ៉ាក់សាំង និងទាក់ទាញទេសចរហ្វីលីពីនមកទស្សនាកម្ពុជា ខណៈទេសចរធ្លាប់មកទស្សនាកម្ពុជា ក៏កោតសរសើរកម្ពុជាពិតជាមានតំបន់ទេសចរណ៍ ប្រកបដោយភាពទាក់ទាញដ៏ច្រើន និងមានភាពសម្បូរ បែប ហើយលោកជំទាវនឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍តទៅទៀត៕
អត្ថបទ ស៊ុម សុខជា